1 យេរូសាឡឹមត្រូវវេទនាជាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយជិះជាន់សង្កត់សង្កិនគ្នា។ 2 ពួកគេមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។ 3 មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីអោយនៅសល់សំរាប់កកេរ នៅពេលព្រឹកឡើយ។ 4 ព្យាការីរបស់ពួកគេជាមនុស្សក្អេងក្អាង ហើយក្បត់មុខងាររបស់ខ្លួន។ បូជាចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ ដែលជាទីសក្ការៈ ព្រមទាំងបំពានលើក្រឹត្យវិន័យ។ 5 ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងចំណោមពួកគេ ព្រះអង្គសុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ព្រះអង្គបង្ហាញយុត្តិធម៌ អោយពួកគេឃើញច្បាស់ មិនដែលអាក់ខានទេ។ ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។ 6 ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានកំទេចប្រជាជាតិនានា យើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេ យើងធ្វើអោយផ្លូវរបស់គេនៅស្ងាត់ជ្រងំ គ្មានមនុស្សដើរ! ក្រុងរបស់គេនឹងត្រូវអន្តរាយ លែងមានប្រជាជនរស់នៅទៀត។ 7 យើងគិតថា "អ្នករាល់គ្នាគង់តែកោតខ្លាច និង ព្រមទទួលការស្តីប្រដៅពីយើង ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ វិនាសអន្តរាយទេ"។ ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប គ្រប់បែបយ៉ាង។ 8 ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និង នគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 ពេលនោះ យើងនឹងជំរះបបូរមាត់ ជាតិសាសន៍នានាអោយបានបរិសុទ្ធ ដើម្បីអោយពួកគេទាំងអស់គ្នាអង្វររក នាមយើង ជាព្រះអម្ចាស់ ហើយព្រមព្រៀងគ្នាគោរពបំរើយើង។ 10 អ្នកថ្វាយបង្គំយើង ដែលយើងកំចាត់កំចាយ អោយទៅនៅខាងនាយទន្លេស្រុកអេត្យូពី នឹងនាំគ្នាយកតង្វាយមកអោយយើង។ 11 នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សក្អេងក្អាង ចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយប្ញកខ្ពស់នៅលើ ភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។ 12 យើងនឹងទុកប្រជាជនមួយចំនួន ដែលទន់ទាប ហើយក្រខ្សត់ អោយនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង ដែលជាព្រះអម្ចាស់។ 13 ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និង លែងនិយាយបោកញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។ 14 ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជ័យឃោស! ក្រុងយេរូសាឡឹមអើយ ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង! 15 ព្រះអម្ចាស់បានលើកលែងទោសអោយអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃ ជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។ 16 នៅថ្ងៃនោះ គេនឹងពោលមកកាន់ ក្រុងយេរូសាឡឹមថា កុំខ្លាចអ្វីឡើយ! ក្រុងស៊ីយ៉ូនអើយ កុំបាក់ទឹកចិត្តអោយសោះ! 17 ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់គង់ជាមួយអ្នក ព្រះអង្គជាវិរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ព្រះអង្គមានអំណរសប្បាយជាខ្លាំង។ ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ ធ្វើអោយអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ព្រះអង្គច្រៀងយ៉ាងរីករាយបំផុត។ 18 «យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ ដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗ គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក ហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ 19 នៅថ្ងៃនោះ យើងនឹងដាក់ទោស ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។ យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើអោយពួកគេមានកិត្តិយស និង មានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។ 20 នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញ ព្រោះជាពេលដែលយើងប្រមូលផ្តុំអ្នករាល់គ្នា ពេលយើងស្តារស្រុកអ្នករាល់គ្នាឡើងវិញ នៅចំពោះមុខរបស់អ្នករាល់គ្នា យើងនឹងធ្វើអោយអ្នករាល់គ្នាមាន កេរ្តិ៍ឈ្មោះល្បី និង មានកិត្តិយសក្នុងចំណោម ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។