1 សេចក្តីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្តល់ដង្ហើមជីវិតអោយមនុស្សលោក ទ្រង់មានព្រះបន្ទូលថា ៖ 2 «យើងធ្វើអោយក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្តាលអោយជាតិសាសន៍ទាំងអស់ដែលនៅជុំវិញព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ 3 នៅថ្ងៃនោះយើងនឹងធ្វើអោយក្រុងយេរូសាឡឹម បានដូចជាផ្ទាំងថ្មដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹង លើកគ្នាមកប្រហារក្រុងនេះ។ 4 នៅថ្ងៃនោះយើងនឹងធ្វើអោយសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវា ក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើអោយសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ 5 ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា : ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។ 6 នៅថ្ងៃនោះយើងធ្វើអោយពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើង ដ៏សន្ធោសន្ធៅនៅកណ្តាលព្រៃឬដូចភ្លើងចន្លុះឆេះកណ្តាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ 7 ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំអោយរាជវង្សរបស់ព្រះបាទដាវីឌ និង ប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។ 8 នៅថ្ងៃនោះព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើអោយគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។ 9 នៅថ្ងៃនោះ យើងនឹងកំទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។ 10 យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និង ប្រជាជនក្រុងយេរូសាឡឹម ដើម្បីអោយពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខ ព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។ 11 នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-រីម៉ូន នៅវាលមេគីដោ។ 12 អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកណាថានប្រុសៗកាន់ទុក្ខដោយឡែកស្រីៗកាន់ទុក្ខដោយឡែក។ 13 អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែកអំបូររបស់លោកស៊ីម៉ៃប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 14 រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។