KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Zechariah - សាការី 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ចូរទូលសូមព្រះអម្ចាស់ប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នានៅចុងរដូវ! ព្រះអម្ចាស់នឹងធ្វើអោយមានខ្យល់ព្យុះ ព្រះអង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ព្រះអង្គធ្វើអោយដំណាំលូតលាស់ នៅតាមចំការរបស់អ្នករាល់គ្នា។   2  រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្តល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានគង្វាល។   3  «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។ ព្រះអង្គប្រោសប្រទានអោយពួកគេ ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។   4  មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និង ពូកែដូចធ្នូចំបាំង។   5  ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសំរុកទៅលើខ្មាំង ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។   6  «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយ៉ូសែប យើងនឹងស្តារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។   7  អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែព្រះអម្ចាស់។   8  យើងនឹងហៅប្រជារាស្ត្ររបស់យើង អោយមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។   9  យើងនឹងកំចាត់កំចាយពួកគេ ទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង ពួកគេនឹងបង្កើតកូនចៅ ហើយនាំគ្នាវិលត្រឡប់មកវិញ។   10  យើងនឹងអោយពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅស្រុកកាឡាដ និង ស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។   11  ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។ យើងនឹងធ្វើអោយស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើអោយស្រុកអេស៊ីបបាត់បង់អំណាច។   12  យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។