KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Zechariah - សាការី 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការីជាកូនរបស់លោកបេរេគា និង ជាចៅរបស់លោកអ៊ីដោ ដូចតទៅ :   2  ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។   3  ចូរប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។   4  កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា"ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ : ចូរនាំគ្នាវិលមកវិញដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ! "ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្តាប់ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។   5  ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។   6  ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និង ច្បាប់ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបំរើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា "ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសំរេចស្របតាមមារយាទ និង អំពើដែលពួកយើងប្រព្រឹត្ត"»។   7  នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការីជាកូនរបស់លោកបេរេគា និង ជាចៅរបស់លោកអ៊ីដោ ដូចតទៅ :   8  នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្តាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោកមានសេះឯទៀតៗសម្បុរក្រហមត្នោត និង ស ដែលមានអ្នកជិះពីលើ។   9  ខ្ញុំក៏សួរថា៖ «លោកម្ចាស់អ្នកទាំងនោះជានរណា?»។ ទេវតា ដែលនិយាយជាមួយខ្ញុំពោលថា៖ «ខ្ញុំនឹងបង្ហាញអោយលោកដឹងថា អ្នកទាំងនោះជានរណា»។   10  បុរសដែលនៅកណ្តាលគុម្ពផ្កាយីថោពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់ បានចាត់អោយធ្វើដំណើរឆ្លងកាត់ផែនដី»។   11  អ្នកទាំងនោះពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ ដែលនៅកណ្តាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្តឥតមានកង្វល់»។   12  ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និង ក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។   13  ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និង សំរាលទុក្ខទេវតា ដែលនិយាយជាមួយខ្ញុំ។   14  ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ : ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថាយើងស្រឡាញ់ក្រុងយេរូសាឡឹម និង ភ្នំស៊ីយ៉ូនពន់ពេកណាស់   15  តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។   16  ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។   17  ចូរប្រកាសទៀតថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសំរាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹម ដូចពីមុន»។   18  ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។   19  ខ្ញុំក៏សួរទេវតាដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវតាតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកំចាត់កំចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និង អ្នកក្រុងយេរូសាឡឹម»។   20  បន្ទាប់មក ព្រះអម្ចាស់ប្រទានអោយខ្ញុំឃើញជាងដែកបួននាក់។   21  ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកំចាត់កំចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមកដើម្បីបំភ័យ និង កំទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និង កំចាត់កំចាយប្រជាជន»។