KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Titus - ទីតុស 2 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។   2  ចូរជំរាបលោកតាចាស់ៗ កុំអោយស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្លូរមានចិត្ដធ្ងន់មានជំនឿស្អាតស្អំមានចិត្ដស្រឡាញ់ និង ចេះស៊ូទ្រំា។   3  រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជំរាបគាត់ អោយកាន់កិរិយាមារយាទសមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ កុំអោយនិយាយមួលបង្កាច់គេ ឬ ចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ   4  ដើម្បីជួយអប់រំស្ដ្រីៗដែលនៅក្មេងអោយចេះស្រឡាញ់ស្វាមី និង ស្រឡាញ់កូនរបស់ខ្លួន   5  អោយមានចិត្ដធ្ងន់មានចរិយាបរិសុទ្ធ យកចិត្ដទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែងមានចិត្ដល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះគ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។   6  រីឯពួកយុវជនវិញ ចូរដាស់តឿនគេអោយមានចិត្ដធ្ងន់គ្រប់វិស័យទាំងអស់។   7  ចូរប្រព្រឹត្ដអំពើល្អធ្វើជាគំរូដល់គេគឺបង្រៀនគេយ៉ាងស្អាតស្អំ និង ថ្លៃថ្នូរ   8  និយាយពាក្យសំដីត្រឹមត្រូវដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។   9  ចូរប្រាប់បងប្អូន ដែលជាខ្ញុំបំរើ អោយស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួនក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើអោយម្ចាស់ពេញចិត្ដ មិនត្រូវជំទាស់នឹងគាត់   10  មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្ដល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្ដិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។   11  ព្រះជាម្ចាស់បានសំដែងអោយយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់   12  ហើយអប់រំយើងអោយលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់សុចរិត និង គោរពប្រណិប័តន៍ព្រះជាម្ចាស់   13  ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និង ជាព្រះសង្គ្រោះនៃយើងយាងមកប្រកបដោយសិរីរុងរឿង។   14  ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សំរាប់យើង ដើម្បីលោះយើងអោយរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និង ជំរះប្រជារាស្ដ្រមួយទុកសំរាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។   15  អ្នកត្រូវបង្រៀនសេចក្ដីនេះទាំងដាស់តឿន និង ស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំអោយនរណាមើលងាយអ្នកបានឡើយ។