1 ពេលយប់ នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញទេ។ 2 ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ នៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ 3 ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ ម្ចាស់ចិត្តរបស់ខ្ញុំទេ?» 4 ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។ ខ្ញុំអោបគាត់ជាប់ ឥតដកដៃឡើយ ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ ចូលទៅក្នុងបន្ទប់របស់ម្តាយ ដែលបានបង្កើតខ្ញុំមក។ 5 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្តាន់ និង សត្វប្រើស ធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្តីស្រឡាញ់ឡើយ។ 6 តើនរណាឡើងពីវាលរហោស្ថាន ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និង ម្សៅក្រអូបរបស់អ្នកជំនួញ? 7 នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន ដែលហែហមដោយទាហានដ៏អង់អាច ចំនួនហុកសិបនាក់ គឺជាទាហានដ៏អង់អាចជាងគេ នៃកងទ័ពអ៊ីស្រាអែល។ 8 អ្នកទាំងនោះប្រដាប់អាវុធ រៀបចំខ្លួនធ្វើសឹកសង្គ្រាម។ ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង ភាពអាសន្ន នៅពេលយប់។ 9 ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ ពីឈើស្រុកលីបង់។ 10 ស្តេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។ 11 ស្ត្រីនៅក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាចេញមកមើលព្រះបាទសាឡូម៉ូន ស្តេចពាក់មកុដដែលមាតាបានបំពាក់ថ្វាយ នៅថ្ងៃស្តេចរៀបអភិសេក ជាថ្ងៃដែលស្តេចមានព្រះហឫទ័យរីករាយ។