KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ruth - នាងរស់ 4 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូស ប្រាប់នាងរស់កាលពីមុនបានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។   2  លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ ពីក្នុងភូមិមក ហើយសុំអោយគេអង្គុយជាមួយដែរ។   3  លោកមានប្រសាសន៍ទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។   4  ខ្ញុំបានគិតថាគួរតែជំរាបបង ហើយសូមអោយបងទិញដីស្រែនោះ ដោយមានចាស់ទុំ និង បងប្អូនឯទៀតៗដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញសូមទិញចុះ! តែបើបងមិនទិញទេសូមប្រាប់អោយខ្ញុំដឹងផង ដ្បិតនៅទីនេះមានតែបងទេដែលមានសិទ្ធិទិញហើយបន្ទាប់ពីបងគឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។   5  លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ជាសាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីអោយដី នៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។   6  បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និង បាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។   7  កាលពីដើមនៅស្រុកអ៊ីស្រាអែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅអោយម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។   8  ហេតុនេះហើយបានជានៅពេលបុរសនោះពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!»គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។   9  លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និង ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះសូមអស់លោកជួយធ្វើជាសាក្សីអោយខ្ញុំផងខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និង ម៉ាឡូនពីបងស្រីណាអូមីហើយ។   10  ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ដែលត្រូវជាភរិយារបស់ម៉ាឡូនមក ធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីអោយកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សអោយគាត់ ដើម្បីរក្សាឈ្មោះគាត់អោយនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និង នៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះអស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។   11  ពួកចាស់ទុំ និង ប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានអោយស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និង លោកស្រីលេអាដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមអោយលោកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និង មានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។   12  សូមព្រះអម្ចាស់ប្រទានអោយលោក និង នាងមានកូនចៅច្រើនដើម្បីអោយគ្រួសារលោកបានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និង នាងតាម៉ារដែរ!»។ s លោកបូអូស និង ពូជពង្សរបស់លោក   13  លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយាហើយក្រោយមក ព្រះអម្ចាស់បានប្រោសប្រទានអោយនាងមានផ្ទៃពោះសំរាលបានកូនប្រុសមួយ។   14  ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រោសប្រទានអោយអ្នកមានចៅប្រុសមួយសំរាប់ថែរក្សាអ្នក!។ សូមអោយចៅរបស់អ្នកមានឈ្មោះល្បីល្បាញក្នុងស្រុកអ៊ីស្រាអែល   15  ចៅនេះនឹងធ្វើអោយជីវិតអ្នក មានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសារដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។   16  នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។   17  ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ គឺលោកអូបេដនេះហើយដែលត្រូវជាឪពុកលោកអ៊ីសាយ ជាបិតារបស់ព្រះបាទដាវីឌ។   18  នេះជាពូជពង្សលោកពេរេស : លោកពេរេសបង្កើតលោកហេតស្រុន   19  លោកហេតស្រុនបង្កើតលោករ៉ាម លោករ៉ាមបង្កើតលោកអមីណាដាប់   20  លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន   21  លោកសាលម៉ូនបង្កើតលោកបូអូស លោកបូអូសបង្កើតលោកអូបេដ   22  លោកអូបេដបង្កើតលោកអ៊ីសាយ ហើយលោកអ៊ីសាយបង្កើតព្រះបាទដាវីឌ។