KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ruth - នាងរស់ 3 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ថ្ងៃមួយនាងណាអូមីពោលទៅកាន់នាងរស់ថា៖ «ម៉ែត្រូវតែរកអនាគតអោយកូន ដើម្បីកូនបានសេចក្តីសុខ។   2  លោកបូអូសដែលកូនធ្វើការជាមួយស្រីបំរើរបស់គាត់នោះជាប់សាច់ញាតិនឹងយើងដែរ។ ល្ងាចនេះគាត់នឹងទៅបោកបែនស្រូវនៅលាន។   3  ចូរកូនតុបតែងខ្លួនអោយស្អាត លាបទឹកអប់ និង ស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនអោយគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និង ស្រារួច។   4  ពេលគាត់ចូលសំរាន្ត កូនត្រូវមើលចំណាំកន្លែងដែលគាត់សំរាន្តអោយបានច្បាស់។ បន្ទាប់មក កូនត្រូវទៅបើកភួយនៅចុងជើងគាត់ ហើយដេកត្រង់កន្លែងនោះទៅ គាត់នឹងប្រាប់កូននូវអ្វីៗដែលកូនត្រូវធ្វើ»។   5  នាងរស់ឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់អ្នកម្តាយសព្វគ្រប់ទាំងអស់»។   6  នាងរស់ចេញទៅលានបោកបែនស្រូវ ហើយធ្វើសព្វគ្រប់ទាំងអស់ តាមពាក្យដែលម្តាយក្មេកបានបង្គាប់។   7  លោកបូអូសពិសាម្ហូបអាហារ និង ស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទំរេតខ្លួនសំរាន្តលក់នៅជិតគំនរកណ្តាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ហើយដេកត្រង់កន្លែងនោះទៅ។   8  នៅពាក់កណ្តាលអធ្រាត្រ ដោយលោកបូអូសរងា គាត់ក៏ប្រែខ្លួន ហើយឃើញស្ត្រីម្នាក់ដេកនៅចុងជើងគាត់។   9  លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ជាអ្នកបំរើរបស់លោកម្ចាស់។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។   10  លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬ អ្នកក្រក្តីមកធ្វើជាប្តីទេ។   11  ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។   12  ខ្ញុំជាសាច់ញាតិដែលមានភារកិច្ចទទួលបន្ទុកថែរក្សានាងពិតមែន ក៏ប៉ុន្តែ នៅមានបុរសម្នាក់ជាសាច់ញាតិនឹងនាងជិតជាងខ្ញុំទៅទៀត។   13  យប់នេះ សូមនាងសំរាកនៅទីនេះហើយ! ចាំព្រឹកស្អែកខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង អោយគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យា ដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសំរាកនៅទីនេះរហូតដល់ព្រឹកចុះ!»។   14  នាងរស់ដេកនៅចុងជើងលោកបូអូសរហូតដល់ព្រឹក ហើយនាងបានក្រោកពីព្រលឹមស្រាងៗមុនពេលមើលគ្នាស្គាល់។ លោកបូអូសក៏មិនចង់អោយនរណាម្នាក់ដឹងថានាងបានចូលមកក្នុងលាននេះដែរ។   15  លោកមានប្រសាសន៍ថា៖ «ចូរដោះអាវធំរបស់នាង កាន់អោយជាប់»។ នាងក៏ដោះអាវ ហើយលោកចាក់ស្រូវមួយតៅ អោយនាង ព្រមទាំងជួយលើកដាក់អោយនាងទូលទៀតផង។ នាងក៏ទូលស្រូវនោះចូលទៅក្នុងភូមិវិញ។   16  ពេលទៅដល់ផ្ទះម្តាយក្មេកសួរថា៖ «យ៉ាងដូចម្តេចទៅហើយកូន?»។ នាងរស់រៀបរាប់ប្រាប់ម្តាយក្មេកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបូអូសបានប្រព្រឹត្តចំពោះនាង។   17  នាងបញ្ជាក់ថា៖ «លោកបានអោយស្រូវមួយតៅមកកូនទាំងពោលថានាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។   18  នាងណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំមើលសិន រហូតទាល់តែដឹងថាការនេះនឹងទៅជាយ៉ាងណា ដ្បិតលោកបូអូសនឹងមិននៅស្ងៀមទេ គឺគាត់នឹងគិតគូរ រហូតទាល់តែបានសំរេចនៅថ្ងៃនេះជាពុំខាន»។