1 នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិមក្នុងស្រុកយូដាបាននាំភរិយា និង កូនប្រុសទាំងពីរនាក់ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ 2 បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះ ណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និង គីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតានៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ហើយក៏រស់នៅទីនោះ។ 3 ក្រោយមក លោកអេលីម៉ាឡេកបានទទួលមរណភាព ទុកអោយនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។ 4 កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និង ម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ 5 បន្ទាប់មក ម៉ាឡូន និង គីលីយ៉ូនក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្តាយ អោយនៅតែម្នាក់ឯង បាត់ទាំងប្តីបាត់ទាំងកូន។ 6 នៅស្រុកម៉ូអាប់នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានអោយពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសារស្រីទាំងពីរនាក់។ 7 នាងណាអូមី និង កូនប្រសារទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។ 8 ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសារស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្តាយរៀងៗខ្លួនវិញទៅ! សូមព្រះអម្ចាស់សំដែងព្រះហប្ញទ័យសប្បុរសចំពោះនាងដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និង ចំពោះរូបខ្ញុំដែរ។ 9 សូមព្រះអម្ចាស់ប្រទានអោយនាងទាំងពីរបានប្តីថ្មី និង មានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មកនាងណាអូមីថើបលាកូនប្រសារទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ 10 កូនប្រសារទាំងពីរពោលទៅម្តាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្តាយ ជាមួយជនជាតិរបស់អ្នកម្តាយដែរ»។ 11 តែនាងណាអូមីប្រកែកថា៖«កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្តាយ?។ ម៉ែហួសអាយុនឹងមានកូនប្រុសដែលអាចរៀបការជាមួយនាងហើយ។ 12 ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយមិនអាចមានប្តីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះហើយបង្កើតបានកូនប្រុសៗ 13 តើនាងអាចទ្រាំចាំ រហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្តីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែធ្វើអោយវាសនារបស់ម៉ែល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។ 14 ពេលនោះ កូនប្រសារទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្តាយក្មេកទៅ រីឯនាងរស់វិញ នាងសំរេចចិត្តនៅជាមួយម្តាយក្មេក។ 15 នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និង ទៅបំរើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ 16 តែនាងរស់ឆ្លើយថា៖ «សូមអ្នកម្តាយកុំបង្ខំកូនអោយចាកចេញពីអ្នកម្តាយធ្វើអ្វី! អ្នកម្តាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្តាយស្នាក់នៅកន្លែងណាកូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្តាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្តាយ ក៏ជាព្រះរបស់កូនដែរ។ 17 អ្នកម្តាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្តីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្តាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។ 18 ដោយឃើញថាកូនប្រសារប្តេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។ 19 ម្តាយ និង កូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះអ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើលហើយស្ត្រីៗនិយាយគ្នាថា៖«អ្នកនេះជាណាអូមីមែនឬមិនមែន?»។ 20 នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា"ណាអូមី"ទៀតត្រូវហៅខ្ញុំថា "ម៉ារ៉ា"វិញដ្បិតព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើអោយជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។ 21 ខ្ញុំចាកចេញពីទីនេះទៅខ្ញុំមានអ្វីៗគ្រប់យ៉ាងប៉ុន្តែព្រះអម្ចាស់បានអោយខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា"ណាអូមី"ទៀត ដ្បិតព្រះអម្ចាស់បានប្រឆាំងនឹងខ្ញុំព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើអោយខ្ញុំរងទុក្ខលំបាក!»។ 22 បែបដូច្នេះហើយ ដែលនាងណាអូមីវិលត្រឡប់មកភូមិកំណើតវិញ ទាំងនាំនាងរស់សាសន៍ម៉ូអាប់ជាកូនប្រសារមកជាមួយផង។ អ្នកទាំងពីរបានមកដល់ភូមិបេថ្លេហិម នៅដើមរដូវចំរូត។