KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Romans - រ៉ូម 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែអោយសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់អោយពួកគេដែរ។   2  ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបំរើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបំរើទាំងល្ងិតល្ងង់។   3  ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកអោយបានសុចរិត ពួកគេខំប្រឹងធ្វើអោយខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតនេះទេ។   4  ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ដ ដើម្បីអោយអស់អ្នកដែលជឿបានសុចរិត។   5  លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ ថាៈ «អ្នកណាប្រតិបត្ដិតាមអ្វីៗដែល មានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។   6  ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្ដថាតើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្ដចុះមក   7  «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថាដើម្បីនាំព្រះគ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក   8  តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និង នៅក្នុងចិត្ដអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។   9  ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្ដអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន   10  ដ្បិតបើចិត្ដយើងជឿយើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ   11  ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្ដឡើយ»។   12  ដូច្នេះ សាសន៍យូដា និង សាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ   13  ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។   14  ក៏ប៉ុន្ដែ អោយគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? អោយគេជឿលើព្រះអង្គដូចម្ដេចកើតបើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? អោយគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស?   15  អោយមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់អោយទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។   16  ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី អេសាយបានថ្លែងទុកមកថាៈ «បពិត្រព្រះអម្ចាស់តើនរណាជឿសេចក្ដីដែលយើងនិយាយអោយស្ដាប់?»។   17  ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ។   18  ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។   19  ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ?។ លោកម៉ូសេបានថ្លែងមុនគេថាៈ «យើងនឹងធ្វើអោយអ្នករាល់គ្នាច្រណែន នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ ដ៏ពិតប្រាកដ យើងនឹងធ្វើអោយអ្នករាល់គ្នាមានកំហឹង នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។   20  រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថាៈ «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនអោយគេឃើញច្បាស់»។   21  ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់»។