1 ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំអើយ ពេលថ្ងៃ ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយពេលយប់ ទូលបង្គំនៅតែរកព្រះអង្គដដែល។ 2 សូមអោយពាក្យអធិស្ឋានរបស់ទូលបង្គំ បានឡើងទៅដល់ព្រះអង្គ! សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែករបស់ទូលបង្គំផង! 3 ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្តីស្លាប់បានខិតមកជិតទូលបង្គំហើយ។ 4 គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោម មនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្តៅ ឬ ជាអ្នកស្ថិតនៅក្នុងចំណោមមនុស្ស ដែលលែងមានកម្លាំងទៀត។ 5 ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ ទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គ លែងនឹកនា និង លែងជួយទៀត។ 6 ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្តៅដ៏ជ្រៅ ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្តីស្លាប់។ 7 ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សំរាក 8 ព្រះអង្គបានធ្វើអោយអស់អ្នក ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ ព្រះអង្គធ្វើអោយអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។ 9 ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លំាងពេក ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ! ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ! 10 តើព្រះអង្គអាចធ្វើការអស្ចារ្យសំរាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? - សំរាក 11 តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីព្រះហប្ញទ័យស្មោះស្ម័គ្រ របស់ព្រះអង្គកើតឬ? 12 តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្តីសុចរិត របស់ព្រះអង្គដូចម្តេចបាន? 13 ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំចូលមកអធិស្ឋាន នៅចំពោះព្រះភ័ក្ត្រព្រះអង្គតាំងពីព្រឹក។ 14 ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះ បង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ? 15 ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើអោយទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។ 16 ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើអោយទូលបង្គំ ភ័យតក់ស្លុតបាត់ស្មារតី។ 17 ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។ 18 ព្រះអង្គបានយកមិត្តភក្តិ ព្រមទាំងអ្នកជិតស្និទ្ធ នឹងទូលបង្គំ ចេញឆ្ងាយពីទូលបង្គំ គឺមានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។