1 ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះរបស់លោកយ៉ាកុប! 2 ចូរនាំគ្នាប្រគុំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និង លេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! 3 ចូរផ្លុំស្នែងនៅពេលចាប់ផ្តើមខ្នើត នៅពេលខែពេញបូរមី គឺជាថ្ងៃបុណ្យរបស់យើង 4 ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប 5 ជាដំបូន្មានដែលព្រះអង្គបង្គាប់មក ពូជពង្សរបស់លោកយ៉ូសែប នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ទាល់តែសោះ បន្លឺថា : 6 «យើងបានយកអង្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! 7 នៅគ្រាមានទុក្ខវេទនាអ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សំរាក 8 ប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់សេចក្តីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យយើង 9 កុំអោយមានព្រះណាមួយទៀត នៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំព្រះដទៃអោយសោះ 10 ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តអោយទូលាយ យើងនឹងអោយពរអ្នកយ៉ាងពេញបរិបូណ៌។ 11 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានធ្វើតាមពាក្យយើងទេ អ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។ 12 ហេតុនេះហើយបានជាយើងបណ្តោយ គេទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។ 13 ប្រសិនបើប្រជារាស្ត្ររបស់យើងស្តាប់ពាក្យយើង ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង 14 យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ 15 អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។ 16 ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកអោយអ៊ីស្រាអែលបរិភោគ ព្រមទាំងអោយគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។