KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 80 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់យើងខ្ញុំ ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន អើយ សូមសំដែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ   2  សូមសំដែងព្រះចេស្តាអោយកុលសម្ព័ន្ធ អេប្រាអ៊ីម បេនយ៉ាមីន និង ម៉ាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង!   3  ឱព្រះជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយព្រះហប្ញទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!   4  ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ មិនស្តាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត?   5  ព្រះអង្គធ្វើអោយយើងខ្ញុំសោកសង្រេង ឥតស្រាកស្រាន្ត អោយយើងខ្ញុំយំខ្សោះទឹកភ្នែក។   6  ព្រះអង្គធ្វើអោយប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្តើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយអោយយើងខ្ញុំ។   7  ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយព្រះហប្ញទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!   8  ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។   9  ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពំាងបាយជូរក៏ចាក់ប្ញស ហើយដុះពាសពេញនៅក្នុងស្រុក   10  ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របពីលើដើមតាត្រៅដ៏ខ្ពស់ៗ។   11  ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។   12  ហេតុអ្វីបានជាព្រះអង្គរំលំរបងចំការ ទំពាំងបាយជូរនេះ បណ្តាលអោយអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?   13  ជ្រូកព្រៃមកបំផ្លិចបំផ្លាញចំការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។   14  ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចំការទំពាំងបាយជូរនេះផង!   15  សូមការពារចំការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងអោយមាំមួនឡើង!   16  សូមអោយខ្មាំងសត្រូវដែលបានដុតបំផ្លាញ និង កាប់ឆ្ការចំការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។   17  សូមដាក់ព្រះហស្តលើមនុស្ស ដែលស្ថិតនៅខាងស្តាំព្រះអង្គ គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងអោយមាំមួនឡើង។   18  យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ សូមប្រោសប្រទានអោយយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបំរើព្រះនាមរបស់ព្រះអង្គ។   19  ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយព្រះហប្ញទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!