1 បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។ 2 ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និង ទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ អោយវិនាសសាបសូន្យទៅ។ 3 ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះច័ន្ទ និង ហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ 4 ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយក ព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ? 5 ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង ទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និង កិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ 6 ព្រះអង្គប្រទានអោយគេគ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ នៅក្រោមជើងរបស់គេ 7 គឺទាំងចៀម ទាំងគោ និង សត្វព្រៃទាំងប៉ុន្មាន 8 ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និង សត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ 9 បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!