1 ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្តាប់សំរែកទូលអង្វររបស់ទូលបង្គំ សូមយកព្រះហប្ញទ័យទុកដាក់នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ 2 ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។ 3 ព្រះអង្គជាទីជំរករបស់ទូលបង្គំ និង ជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។ 4 ទូលបង្គំចង់រស់នៅក្នុងព្រះពន្លារបស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ។ - សំរាក 5 ឱព្រះជាម្ចាស់អើយ ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំជានិច្ច ព្រះអង្គប្រទានមកទូលបង្គំនូវមត៌កដែលព្រះអង្គបំរុងទុកសំរាប់អស់អ្នក ដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។ 6 សូមប្រទានអោយព្រះរាជា មានព្រះជន្មាយុយឺនយូរ សូមអោយព្រះជន្មាយុរបស់ព្រះរាជាស្ថិតនៅ ជាច្រើនតំណតរៀងទៅ! 7 សូមអោយព្រះរាជាបានគ្រងរាជ្យនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់រហូតតទៅ! ព្រះអម្ចាស់អើយ សូមថែរក្សាព្រះរាជាដោយព្រះហប្ញទ័យមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ! 8 ទូលបង្គំនឹងស្មូត្រទំនុកតម្កើងសរសើរ ព្រះនាមព្រះអង្គជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ស្របតាមពាក្យដែលទូលបង្គំបានសន្យាចំពោះព្រះអង្គ!។