1 ចៅក្រមទាំងឡាយអើយ ពេលកាត់ក្តី តើអ្នករាល់គ្នានិយាយសេចក្តីពិតឬ? តើអ្នករាល់គ្នាកាត់ក្តីអោយមនុស្សលោកដោយយុត្តិធម៌ឬ? 2 ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។ 3 មនុស្សអាក្រក់មានចិត្តវៀចវេរតាំងពីក្នុងផ្ទៃម្តាយ ហើយចេះកុហក និង វង្វេងតាំងពីទើបកើតមកម៉្លេះ។ 4 គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់ 5 ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្តី។ 6 ឱព្រះជាម្ចាស់អើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ! ព្រះអម្ចាស់អើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ! 7 សូមអោយអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមអោយពួកគេបានរាបដូចជាស្មៅដែលមនុស្សដើរជាន់។ 8 សូមអោយពួកគេប្រៀបដូចជាជន្លេន ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ សូមអោយពួកគេប្រៀបដូចជាកូនរលូតស្លាប់ទៅ ទាំងពុំឃើញពន្លឺ 9 ព្រះជាម្ចាស់នឹងធ្វើអោយមនុស្សអាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅខៀវស្រស់ក្តី ឬ ក្រៀមទៅហើយក្តី។ 10 រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញព្រះជាម្ចាស់សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាមរបស់មនុស្សអាក្រក់។ 11 ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា: ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់ ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គ ជំនុំជំរះមនុស្សលោក។