1 អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួតពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះស្ម្រ័គជានិច្ច!។ 2 រៀងរាល់ថ្ងៃអ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៊ិនប្រសប់ខាងបោកបញ្ឆោតណាស់។ 3 អ្នកចូលចិត្តការអាក្រក់ជាងការល្អ ហើយចូលចិត្តកុហកជាងនិយាយការពិត។ 4 អ្នកចូលចិត្តប្រើពាក្យសំដីវាយប្រហារគេ អ្វីៗដែលអ្នកពោលចេញមក សុទ្ធតែអាស្រូវទាំងអស់។ 5 ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន ហើយព្រះអង្គនឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ - សំរាក 6 មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាចទៀតផង គេនាំគ្នាសើច ទាំងពោលថា: 7 «មើលអ្នកនុ៎ះ! គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេ គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។ 8 រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះជាម្ចាស់ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណា របស់ព្រះជាម្ចាស់រហូតតទៅ។ 9 ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។