1 ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្តោសទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសអោយទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហប្ញទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។ 2 សូមលុបលាងកំហុសទូលបង្គំ អោយបានស្អាតទាំងស្រុង សូមជំរះទូលបង្គំអោយបានបរិសុទ្ធ រួចពីបាប! 3 ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ 4 ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។ 5 ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្តាយមកម៉្លេះ! 6 ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហប្ញទ័យ នឹងសេចក្តីពិតនៅក្នុងជំរៅចិត្តមនុស្ស។ សូមប្រោសប្រទានអោយទូលបង្គំ មានប្រាជ្ញានៅក្នុងជំរៅដួងចិត្តផង! 7 សូមជំរះទូលបង្គំ ដោយស្លឹកហ៊ីសុប នោះទូលបង្គំនឹងបានបរិសុទ្ធ សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត ។ 8 សូមប្រាប់អោយទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។ 9 ព្រះអង្គអើយ សូមកុំទតមើល អំពើបាបរបស់ទូលបង្គំឡើយ តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ទូលបង្គំទៅ។ 10 ឱ្រ ពះជាម្ចាស់អើយ! សូមប្រោសប្រទានអោយទូលបង្គំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៊ឹងមកទូលបង្គំផង។ 11 សូមកុំបោះបង់ទូលបង្គំអោយនៅឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះអង្គចេញពីទូលបង្គំឡើយ។ 12 សូមប្រោសប្រទានអោយទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានអោយទូលបង្គំ មានចិត្តទូលាយមកពីព្រះវិញ្ញាណ។ 13 ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយអោយស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ 14 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំអោយរួចពីស្លាប់ នោះទូលបង្គំនឹងប្រកាសអំពី សេចក្តីសុចរិត របស់ព្រះអង្គដោយអំណរ។ 15 ព្រះអម្ចាស់អើយ សូមជួយទូលបង្គំអោយបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង។ 16 ព្រះអង្គមិនសព្វព្រះហឫទ័យ អោយទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។ 17 យញ្ញបូជាដែលព្រះអង្គ សព្វព្រះហឫទ័យ អោយទូលបង្គំថ្វាយ គឺចិត្តសោកស្តាយ ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និង ចិត្តលែងមានអំនួត។ 18 ព្រះអម្ចាស់អើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានអោយ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។ 19 ពេលនោះព្រះអង្គមុខជាគាប់ព្រះហប្ញទ័យ នឹងតង្វាយដែលស្របតាមវិន័យ របស់ព្រះអង្គ គឺតង្វាយដុតទាំងមូល ហើយគេនឹងយកគោឈ្មោល មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។