1 ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្តាប់សំរែកឈឺចាប់របស់ទូលបង្គំផង។ 2 ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហប្ញទ័យទុកដាក់នឹងសូរសំរែករបស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ 3 ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្តាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។ 4 ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហប្ញទ័យ នឹងអំពើទុច្ចរិតនោះទេ អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។ 5 ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហប្ញទ័យនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ 6 ព្រះអង្គនឹងធ្វើអោយពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និង អ្នកមានល្បិចកល។ 7 រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហប្ញទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតំរង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គទាំងគោរពកោតខ្លាច។ 8 ឱព្រះអម្ចាស់អើយ មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! សូមដឹកនាំទូលបង្គំអោយធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ 9 អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្តាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុល សំរាប់ប្រហារជីវិត។ 10 ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! សូមអោយគេវិនាសអន្តរាយ ដោយសារគំរោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះ សូមកាត់កាល់គេចោលទៅ។ 11 រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ គេនឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គនឹងរក្សាការពារគេ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។ 12 ព្រះអម្ចាស់អើយ ព្រះអង្គប្រទានពរ អោយមនុស្សសុចរិត ព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបាននឹងខែលការពារគេ។