1 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម ដែលត្រូវតែលើកតម្កើង អោយខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ 2 ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំអោយផែនដីទាំងមូលមានអំណរ។ 3 នៅក្នុងបុរីនេះ គេទទួលស្គាល់ថា ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។ 4 ស្តេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន 5 ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត 6 ដ្បិតគេភ័យញាប់ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសំរាលកូន 7 និង ដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវាដ៏ធំៗ។ 8 យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារ ក្រុងនេះ អោយបានរឹងមាំរហូតតទៅ។ - សំរាក 9 ឱព្រះជាម្ចាស់អើយ ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំរិះគិតអំពីព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ។ 10 ព្រះជាម្ចាស់អើយ ដូចព្រះនាមរបស់ព្រះអង្គ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើង ព្រះអង្គរហូតដល់ស្រុកដាច់ស្រយាលផៃនដីយ៉ាងនោះដែរ។ ព្រះអង្គគ្រប់គ្រងដោយសុចរិត។ 11 សូមអោយអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមអោយអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។ 12 ប្រជាជនរបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាហែរក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! 13 ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ ដើម្បីអោយអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖ 14 «ព្រះជាម្ចាស់ពិតជាព្រះរបស់យើងអស់កល្បជានិច្ច ហើយព្រះអង្គជាអ្នកដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។