1 ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះអំពើដែលខ្ញុំប្រព្រឹត្ត ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសំដី។ ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្តីអ្វីសោះឡើយ។ 2 ខ្ញុំបិទមាត់ នៅស្ងៀម គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ! ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។ 3 ខ្ញុំក្តៅជាខ្លាំង ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា: 4 ឱព្រះអម្ចាស់អើយ សូមប្រាប់អោយទូលបង្គំដឹងថ្ងៃចុងក្រោយនៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កំរិតណា?។ 5 ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សំរាក 6 ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។ 7 ឱព្រះអម្ចាស់អើយ បើដូច្នេះ តើអោយទូលបង្គំទន្ទឹងរង់ចាំអ្វី? មានតែព្រះអង្គទេ ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។ 8 សូមរំដោះទូលបង្គំអោយរួចពីអំពើបាប ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត! សូមកុំទុកឱកាសអោយមនុស្សល្ងីល្ងើមាក់ងាយទូលបង្គំបានឡើយ។ 9 ទូលបង្គំនៅស្ងៀម មិននិយាយស្តីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។ 10 សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ! ដ្បិតទូលបង្គំស្ទើរតែស្លាប់ ដោយព្រះអង្គវាយទូលបង្គំ។ 11 ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ព្រះអង្គធ្វើអោយអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្តៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សំរាក 12 ឱព្រះអម្ចាស់អើយ សូមព្រះសណ្តាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែករបស់ទូលបង្គំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។ 13 សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីអោយទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។