KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 35 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះអម្ចាស់អើយ! សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។   2  សូមយកខែលទាំងតូចទាំងធំ យាងមកជួយទូលបង្គំជាប្រញាប់!   3  សូមគប់លំពែង និង ពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់អោយទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។   4  សូមអោយពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និង បាក់មុខ សូមអោយពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ដកខ្លួនថយទៅវិញទាំងអៀនខ្មាស!   5  នៅពេលទេវតា របស់ព្រះអម្ចាស់ បណ្តេញពួកគេ សូមអោយពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។   6  នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ សូមអោយផ្លូវរបស់ពួកគេងងឹតសូន្យសុង និង រអិលទៀតផង!។   7  អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ ហើយជីករណ្តៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។   8  សូមអោយពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន សូមអោយពួកគេជាប់អន្ទាក់ដែលខ្លួនបានបង្កប់ទុក សូមអោយពួកគេធ្លាក់ទៅក្នុងរណ្តៅនោះ ហើយវិនាសអន្តរាយទៅ!។   9  ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ ទូលបង្គំមានអំណរសប្បាយ មកពីព្រះអង្គសង្គ្រោះទូលបង្គំ។   10  ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្តថា : ព្រះអម្ចាស់អើយ គ្មាននរណាដូចព្រះអង្គឡើយ ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ អោយរួចផុតពីកណ្តាប់ដៃរបស់អ្នកខ្លាំងពូកែ ព្រះអង្គរំដោះជនកំសត់ទុគ៌ត អោយរួចផុតពីកណ្តាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។   11  មានសាក្សីក្លែងក្លាយជាច្រើន នាំគ្នាប្រឆាំងនឹងទូលបង្គំ គេបានចោទសួរទូលបង្គំអំពីកិច្ចការ ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។   12  គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ ទូលបង្គំនៅឯកោម្នាក់ឯង។   13  ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ ហើយទូលបង្គំទូលអង្វរអោយគេឥតឈប់ឈរ។   14  ទូលបង្គំប្រព្រឹត្តចំពោះពួកគេ ដូចប្រព្រឹត្តចំពោះមិត្តភក្តិ និង បងប្អូន ទូលបង្គំព្រួយចិត្តសោកសង្រេង ដូចកាន់ទុក្ខនៅពេលម្តាយស្លាប់។   15  ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់ បានវាយទូលបង្គំ និង ហែកហួរទូលបង្គំ ឥតឈប់ឡើយ។   16  ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញទូលបង្គំ ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។   17  ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំអោយរួចពីក្រញុំារបស់ពួកគេ សូមការពារជីវិតទូលបង្គំអោយរួចពីពួកសិង្ហទាំងនោះផង។   18  ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនដ៏ច្រើន។   19  សូមកុំបណ្តោយអោយអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងទូលបង្គំបានអរសប្បាយ ព្រោះតែទូលបង្គំចាញ់ សូមកុំបណ្តោយអោយអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុផល ពេបជ្រាយដាក់ទូលបង្គំឡើយ។   20  ពួកគេមិនចេះនិយាយដោយសំរួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។   21  ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ គេស្រែកចំអកអោយទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។   22  ឱព្រះអម្ចាស់អើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម ព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!   23  ឱព្រះនៃទូលបង្គំ ឱព្រះអម្ចាស់នៃទូលបង្គំអើយ សូមក្រោកឡើង! សូមទ្រង់តើនឡើង រកយុត្តិធម៌អោយទូលបង្គំ សូមកាន់ក្តីខាងទូលបង្គំផង!។   24  ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គសុចរិត សូមរកយុត្តិធម៌អោយទូលបង្គំផង កុំបណ្តោយអោយពួកគេបានសប្បាយ ព្រោះទូលបង្គំចាញ់នោះឡើយ។   25  សូមកុំអោយគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំអោយគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។   26  សូមអោយពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមអោយពួកអ្នកដែលព្រហើន ដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។   27  រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស សូមប្រទានអោយគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមអោយគេពោលហើយពោលទៀតថា «សូមលើកតម្កើងព្រះអម្ចាស់! ព្រះអង្គសព្វព្រះហប្ញទ័យអោយអ្នកបំរើរបស់ព្រះអង្គបានជោគជ័យ!»។   28  ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជានិច្ច ហើយទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ!។