1 សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជានៅថ្ងៃដែលស្តេចមានអាសន្ន សូមព្រះនាមព្រះរបស់លោកយ៉ាកុប ការពារព្រះរាជា!។ 2 សូមព្រះអង្គជួយព្រះរាជា ពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។ 3 សូមអោយព្រះអង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះរាជា ហើយសូមអោយព្រះអង្គគាប់ព្រះហប្ញទ័យ នឹងយញ្ញបូជាដែលស្តេចយកមកថ្វាយ!។ - សំរាក 4 សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា តាមតែទ្រង់ប្រាថ្នា និង ធ្វើអោយគំរោងការ របស់ព្រះរាជាបានសំរេចទាំងអស់!។ 5 យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្តេចមានជ័យជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សំរេចតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។ 6 ឥឡូវនេះខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់សង្គ្រោះ ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជា ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ គឺព្រះអង្គប្រទានអោយព្រះរាជាមានជ័យជំនះ ដោយសារប្ញទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ 7 អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។ 8 អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ 9 ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង!