1 សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ 2 ព្រះអង្គសំដែងព្រះហប្ញទ័យមេត្តាករុណា ចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ ព្រះអង្គជាទីជំរកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ 3 ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វី បានជាព្រះអង្គ យកព្រះហប្ញទ័យទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? 4 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ 5 ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃ របស់ព្រះអង្គ ហើយយាងចុះមក! សូមពាល់ភ្នំ ដើម្បីអោយមានផ្សែងហុយឡើង។ 6 សូមព្រះអង្គធ្វើអោយមានផ្លេកបន្ទោរ កំចាត់កំចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ 7 សូមលាតព្រះហស្តពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំអោយចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំអោយរួចពីអំណាច របស់ជនបរទេសទាំងនេះផង។ 8 ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។ 9 ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយលេងឃឹមកំដរផង។ 10 ព្រះអម្ចាស់សង្គ្រោះស្តេចនានា ព្រះអង្គរំដោះដាវីឌជាអ្នកបំរើរបស់ព្រះអង្គ អោយរួចពីការស្លាប់ដោយមុខដាវ។ 11 សូមរំដោះទូលបង្គំអោយរួចពីអំណាច របស់ជនបរទេសទាំងនេះផង ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។ 12 សូមអោយកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើដែលដុះឡើងយ៉ាងស្រស់បំព្រង សូមអោយកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។ 13 សូមអោយជង្រុករបស់យើងមានពោរពេញ ទៅដោយភោគផលសព្វបែបយ៉ាង សូមអោយហ្វូងចៀមនៅតាមវាលស្មៅ របស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។ 14 សូមអោយហ្វូងគោរបស់យើង បានកើនចំនួនជាច្រើនគ្មានបាត់ គ្មាននរណាលួចចាប់យកទៅឡើយ ហើយសូមកុំអោយមានសំរែកភ័យអាសន្ន នៅតាមទីសាធារណៈរបស់យើងដែរ។ 15 ប្រជាជាតិណាមានព្រះពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ!