1 ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំផង! 2 សូមអោយពាក្យអធិស្ឋានរបស់ទូលបង្គំឡើង ទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច! 3 ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ កុំអោយទូលបង្គំពោលពាក្យ អាក្រក់សោះឡើយ។ 4 សូមកុំបណ្តោយអោយចិត្តទូលបង្គំ មានលំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំអោយទូលបង្គំចូលរួមជប់លៀង ជាមួយពួកគេឡើយ។ 5 បើមនុស្សសុចរិតវាយប្រដៅ និង ស្តីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ 6 សូមអោយចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម ហើយសូមអោយបច្ចាមិត្ត ស្តាប់សេចក្តី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។ 7 ដីប្រេះចេញពីគ្នាយ៉ាងណា សូមអោយស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ោយ គ្រប់ទីកន្លែងយ៉ាងនោះដែរ។ 8 ឱព្រះជាអម្ចាស់អើយ ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយអោយទូលបង្គំបាត់បង់ជីវិត។ 9 សូមការពារទូលបង្គំអោយរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំអោយទូលបង្គំធ្លាក់ទៅក្នុងរណ្តៅ របស់មនុស្សទុច្ចរិតឡើយ 10 តែសូមអោយពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។