KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 140 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំ អោយរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំអោយផុត ពីមនុស្សឃោរឃៅ។   2  អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!   3  អណ្តាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សំរាក   4  ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ កុំអោយធ្លាក់ទៅក្នុងកណ្តាប់ដៃ របស់មនុស្សអាក្រក់! សូមការពារទូលបង្គំអោយរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំទូលបង្គំ!   5  មនុស្សអួតអាងនាំគ្នាដាក់ចំរូង និង បង្កប់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្តៅចាំចាប់ទូលបង្គំ។ - សំរាក   6  ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ! ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់ទូលបង្គំទទូចអង្វរព្រះអង្គ!   7  ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្តារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។   8  ឱព្រះអម្ចាស់អើយ សូមកុំអោយចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសំរេចឡើយ ហើយកុំបណ្តោយអោយផែនការ របស់គេបានជោគជ័យអោយសោះ។ - សំរាក   9  សូមកុំអោយអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ មានជ័យជំនះ តែអោយពាក្យដែលពួកគេដាក់បណ្តាសាទូលបង្គំ បានធ្លាក់ទៅលើពួកគេវិញ!   10  សូមអោយមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ ហើយសូមច្រានពួកគេទំលាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។   11  សូមកុំអោយអ្នកមួលបង្កាច់គេ អាចនៅស្ថិតស្ថេរលើផែនដីបាន សូមអោយទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ ឥតឈប់ឈរឡើយ។   12  ខ្ញុំដឹងថាព្រះអម្ចាស់ រកយុត្តិធម៌អោយមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។   13  ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។