1 ឱព្រះអម្ចាស់អើយ សូមនឹកដល់ព្រះបាទដាវីឌ និង ការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។ 2 ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់ គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្តា របស់លោកយ៉ាកុបថា: 3 «ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ ទូលបង្គំនឹងមិនឡើងទៅដេក នៅលើគ្រែទូលបង្គំទេ។ 4 ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ 5 ដរាបណាទូលបង្គំពុំទាន់រកបានកន្លែងថ្វាយព្រះអម្ចាស់ ដរាបណាទូលបង្គំពុំទាន់រកបាន ព្រះដំណាក់ថ្វាយព្រះដ៏មានចេស្តា របស់លោកយ៉ាកុបទេនោះ!»។ 6 យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។ 7 ចូរយើងនាំគ្នាចូលទៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ! 8 ឱព្រះអម្ចាស់អើយ សូមក្រោកឡើង សូមយាងមកជាមួយហិប នៃប្ញទ្ធានុភាព របស់ព្រះអង្គ ហើយគង់នៅក្នុងទីសំរាក របស់ព្រះអង្គរហូតតទៅ។ 9 សូមអោយពួកបូជាចារ្យរបស់ព្រះអង្គ ប្រព្រឹត្តអំពើសុចរិតជានិច្ច ហើយអោយប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោឡើងយ៉ាងសប្បាយ! 10 ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ សូមកុំបោះបង់ចោលស្តេចដែលព្រះអង្គ បានចាក់ប្រេងអភិសេកនេះឡើយ! 11 ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយ ព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក អោយឡើងគ្រងរាជ្យបន្តពីអ្នក។ 12 ប្រសិនបើបុត្ររបស់អ្នកកាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។ 13 ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហប្ញទ័យគង់នៅក្នុងក្រុងនេះ។ 14 ព្រះអង្គមានព្រះបន្ទូលថា «យើងនឹងសំរាកនៅទីនេះរហូតតទៅ យើងចង់រស់នៅក្នុងកន្លែងនេះណាស់! 15 យើងនឹងអោយពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ យើងនឹងអោយជនក្រីក្រក្នុងក្រុងនេះ មានអាហារបរិបូណ៌។ 16 យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកបូជាចារ្យរបស់គេ យើងនឹងអោយប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។ 17 នៅទីនេះ យើងនឹងធ្វើអោយមានស្តេច ប្រកបដោយប្ញទ្ធានុភាពកើតពី ពូជពង្សរបស់ដាវីឌ យើងនឹងរៀបចំអោយមានស្តេច មួយអង្គស្នងរាជ្យ ជំនួសស្តេចដែលយើងបានចាក់ប្រេងអភិសេក។ 18 យើងនឹងធ្វើអោយខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងអោយរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។