KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 119 - Khmer, Central - Old Version - Bible.is - KMHKOV

  1  អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។   2  អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!   3  អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។   4  ព្រះអង្គបានប្រទានព្រះឱវាទមកដើម្បីអោយ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។   5  សូមជួយទូលបង្គំអោយចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។   6  ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។   7  ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យ ដ៏សុចរិតដែលព្រះអង្គបានបង្គាប់មក។   8  ទូលបង្គំចង់ប្រតិបត្តិតាម ច្បាប់របស់ព្រះអង្គ សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ!   9  តើមនុស្សកំឡោះត្រូវធ្វើយ៉ាងណា ដើម្បីអោយកិរិយាមារយាទរបស់ខ្លួនបានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។   10  ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយអោយទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ!   11  ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំអោយប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យព្រះអង្គ។   12  ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ សូមបង្រៀនអោយទូលបង្គំ ស្គាល់ ច្បាប់របស់ព្រះអង្គ!   13  ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មក។   14  ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។   15  ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។   16  ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។   17  សូមប្រណីសន្តោសទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ ដើម្បីអោយទូលបង្គំមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។   18  សូមបើកភ្នែកទូលបង្គំ ដើម្បីអោយទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។   19  ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ។   20  ចិត្តទូលបង្គំតែងតែផ្តោតទៅរកវិន័យផ្សេងៗ ដែលព្រះអង្គបង្គាប់មកជានិច្ច។   21  ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្តាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។   22  សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំអោយមាននរណាមើលងាយទូលបង្គំឡើយ ដ្បិតទូលបង្គំកាន់តាមដំបូន្មាន របស់ព្រះអង្គហើយ។   23  ទោះបីពួកមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំក៏ដោយ ទូលបង្គំដែលជាអ្នកបំរើរបស់ព្រះអង្គ នៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។   24  ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។   25  ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសអោយទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។   26  ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!។   27  សូមជួយទូលបង្គំអោយយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីអោយទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសំដែង!។   28  ទូលបង្គំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។   29  សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយអោយទូលបង្គំប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ!   30  ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមវិន័យ ដែលព្រះអង្គបង្គាប់មក។   31  ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយ សូមកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ!   32  ទូលបង្គំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញាត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើអោយចិត្តទូលបង្គំបានភ្លឺស្វាង។   33  ព្រះអម្ចាស់អើយ សូមបង្រៀនអោយទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីអោយទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។   34  សូមប្រទានអោយទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។   35  សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។   36  សូមទាក់ទាញចិត្តទូលបង្គំ អោយធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនអោយរកកំរៃឡើយ!   37  សូមទាញអារម្មណ៍ទូលបង្គំ អោយបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយអោយទូលបង្គំមានជីវិតរស់នៅ តាមមាគ៌ារបស់ព្រះអង្គ!   38  សូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។   39  សូមយកសេចក្តីអាម៉ាស់ ដែលទូលបង្គំ ខ្លាចរអែងនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។   40  ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្តីសុចរិតរបស់ព្រះអង្គ!   41  ព្រះអម្ចាស់អើយ សូមសំដែងព្រះហប្ញទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!   42  សូមជួយអោយទូលបង្គំអាចឆ្លើយតប នឹងអ្នកដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។   43  សូមកុំអោយទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។   44  ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។   45  ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកព្រះឱវាទរបស់ព្រះអង្គ។   46  ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គ ប្រាប់ស្តេចនានា ទូលបង្គំនឹងមិនខ្មាស់សោះឡើយ។   47  ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គ ទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។   48  ទូលបង្គំលើកដៃប្រណម្យគោរពបទបញ្ជារបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះ ទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់របស់ព្រះអង្គ។   49  សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំ ដ្បិតព្រះអង្គបានធ្វើអោយទូលបង្គំមានសង្ឃឹម!   50  នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលនេះធ្វើអោយចិត្តទូលបង្គំបានធូរស្បើយ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើអោយទូលបង្គំមានជីវិតឡើងវិញ។   51  មនុស្សអួតបំប៉ោងនាំគ្នាចំអកអោយទូលបង្គំ តែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។   52  ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់ វិន័យរបស់ព្រះអង្គ កាលពីអតីតកាល ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។   53  មនុស្សពាលបានធ្វើអោយទូលបង្គំ ក្តៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។   54  ពេលដែលទូលបង្គំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ទូលបង្គំបានយកច្បាប់របស់ព្រះអង្គ មកធ្វើជាទំនុកតម្កើង។   55  ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំនឹកដល់ ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំប្រតិបត្តិតាមកឹត្យវិន័យ របស់ព្រះអង្គ។   56  ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។   57  ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថា ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។   58  ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!   59  ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំ ហើយទូលបង្គំក៏បោះជំហានមករកដំបូន្មាន របស់ព្រះអង្គវិញ។   60  ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិ តាមបទបញ្ជារបស់ព្រះអង្គ ឥតធ្វេសប្រហែសសោះឡើយ។   61  មនុស្សអាក្រក់បានធ្វើអោយទូលបង្គំ ជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។   62  នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។   63  ទូលបង្គំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ និង អស់អ្នកដែលប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។   64  ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយ ព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!   65  ឱព្រះអម្ចាស់អើយ សូមប្រណីសន្តោសទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។   66  សូមបង្រៀនទូលបង្គំអោយដឹងខុសត្រូវមានប្រាជ្ញា ដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។   67  ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល របស់ព្រះអង្គហើយ។   68  ព្រះអង្គមានព្រះហប្ញទ័យល្អសប្បុរស សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!   69  មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះឱវាទរបស់ព្រះអង្គជានិច្ច។   70  អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។   71  ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម៉្យាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់ របស់ព្រះអង្គ។   72  ចំពោះទូលបង្គំ ទោះបីមាសប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។   73  ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានអោយទូលបង្គំបានមាំមួនឡើង ដូច្នេះសូមប្រទានអោយទូលបង្គំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។   74  ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ ឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។   75  ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសំរេចសុទ្ធ តែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។   76  សូមសំរាលទុក្ខទូលបង្គំ ដោយសារព្រះហប្ញទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ។   77  សូមសំដែងព្រះហប្ញទ័យមេត្តាករុណាមកលើ ទូលបង្គំ ដើម្បីអោយទូលបង្គំមានជីវិតឡើងវិញ ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។   78  សូមអោយមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។   79  សូមអោយអស់អ្នកដែលគោរពកោត ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីអោយបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។   80  សូមជួយអោយទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំអោយទូលបង្គំត្រូវខ្មាសឡើយ។   81  ទូលបង្គំទន្ទឹងរង់ចាំមើល ព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។   82  ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យា របស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណា ទើបព្រះអង្គសំរាលទុក្ខទូលបង្គំ?»។   83  ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។   84  តើទូលបង្គំដែលជាអ្នកបំរើរបស់ព្រះអង្គ ត្រូវរង់ចាំដល់ពេលណាទៀត ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនទូលបង្គំ?   85  មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ គេនាំគ្នាជីករណ្តៅ ដើម្បីអោយទូលបង្គំធ្លាក់។   86  បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។   87  នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំអោយវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ របស់ព្រះអង្គឡើយ។   88  សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហប្ញទ័យមេត្តាករុណា ទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មាន ដែលព្រះអង្គបង្គាប់មក។   89  ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។   90  ព្រះហប្ញទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គបានធ្វើអោយផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។   91  អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ព្រះអង្គ។   92  ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។   93  ទូលបង្គំនឹងមិនភ្លេចព្រះឱវាទរបស់ព្រះអង្គសោះឡើយ ដ្បិតព្រះអង្គធ្វើអោយទូលបង្គំមានជីវិតឡើងវិញ ដោយសារព្រះឱវាទទាំងនេះ។   94  ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះឱវាទរបស់ព្រះអង្គ។   95  មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។   96  ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។   97  ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ ខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។   98  បទបញ្ជារបស់ព្រះអង្គធ្វើអោយទូលបង្គំ មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ ដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។   99  ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។   100  ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀត ដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។   101  ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។   102  ទូលបង្គំមិនងាកចេញពីវិន័យ ដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយ ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។   103  ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សំរាប់ទូលបង្គំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។   104  ព្រះឱវាទរបស់ព្រះអង្គបានធ្វើអោយទូលបង្គំ ដឹងខុសត្រូវ ហេតុនេះហើយបានជាទូលបង្គំស្អប់ការវៀចវេរ។   105  ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និង ជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។   106  ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតដែលព្រះអង្គបង្គាប់មក។   107  ឱព្រះអម្ចាស់អើយ ទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានអោយទូលបង្គំមានជីវិត ឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!   108  ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ ទុកជាតង្វាយ ហើយសូមបង្រៀនអោយទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ!   109  ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។   110  មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។   111  ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដ្បិតដំបូន្មានទាំងនេះធ្វើអោយទូលបង្គំ មានអំណរនៅក្នុងចិត្ត។   112  ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមច្បាប់ របស់ព្រះអង្គរហូតដល់ទីបំផុត។   113  ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។   114  ព្រះអង្គជាជំរក និង ជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល របស់ព្រះអង្គជានិច្ច។   115  មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញអោយឆ្ងាយពីខ្ញុំទៅ! ទុកអោយខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ!   116  សូមជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីអោយទូលបង្គំមានជីវិត សូមកុំអោយសេចក្តីសង្ឃឹម របស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។   117  សូមធ្វើជាបង្អែករបស់ទូលបង្គំ ដើម្បីអោយទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកច្បាប់ របស់ព្រះអង្គជានិច្ច។   118  ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។   119  ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាន នៅលើផែនដីចោល ដូចកម្ទេចសម្រាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ ដំបូន្មានរបស់ព្រះអង្គ។   120  រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។   121  ទូលបង្គំប្រព្រឹត្តអំពើសុចរិតយុត្តិធម៌ សូមកុំអោយទូលបង្គំធ្លាក់ទៅក្នុងកណ្តាប់ដៃ របស់អស់អ្នកដែល សង្កត់សង្កិនទូលបង្គំឡើយ។   122  សូមធានាអោយទូលបង្គំ ដែលជាអ្នកបំរើព្រះអង្គបានសុខសាន្តផង សូមកុំទុកអោយមនុស្សអួតបំប៉ោង សង្កត់សង្កិនទូលបង្គំឡើយ។   123  ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គ។   124  សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបំរើ របស់ព្រះអង្គ ដោយព្រះហប្ញទ័យមេត្តាករុណា សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!   125  ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំផង ដើម្បីអោយទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។   126  ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។   127  ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គ លើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។   128  ទូលបង្គំយល់ឃើញថា ព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។   129  ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។   130  ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើអោយមនុស្សភ្លឺស្វាង ហើយធ្វើអោយអ្នកទន់ទាបមានប្រាជ្ញា។   131  ទូលបង្គំត្រងត្រាប់ស្តាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់ ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។   132  សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំ ដូចព្រះអង្គធ្លាប់ប្រណីសន្តោស អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។   133  សូមពង្រឹងទូលបង្គំអោយបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយអោយទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។   134  សូមរំដោះទូលបង្គំអោយរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីអោយទូលបង្គំប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គ។   135  សូមសំដែងព្រះហប្ញទ័យអាណិតមេត្តា ដល់ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ ហើយសូមបង្រៀនទូលបង្គំអោយស្គាល់ ច្បាប់របស់ព្រះអង្គផង!។   136  ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។   137  ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ!   138  ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និង ត្រឹមត្រូវបំផុត។   139  ទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។   140  ព្រះបន្ទូលសន្យារបស់ព្រះអង្គ សំរេចជាក់ស្តែងហើយ ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គស្រឡាញ់ ព្រះបន្ទូលនេះណាស់។   141  ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។   142  សេចក្តីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្តីពិត។   143  ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើអោយទូលបង្គំមានអំណរ។   144  ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីអោយទូលបង្គំមានជីវិត!   145  ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីអោយទូលបង្គំ ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ!   146  ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីអោយទូលបង្គំប្រព្រឹត្តតាម ដំបូន្មាន របស់ព្រះអង្គ!   147  ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។   148  ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។   149  សូមស្តាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហប្ញទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំ អោយរស់នៅតាមវិន័យរបស់ព្រះអង្គ។   150  អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីក្រឹត្យវិន័យរបស់ព្រះអង្គ។   151  ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់   152  តាំងពីយូរយារណាស់មកហើយ ទូលបង្គំបានដឹងថា ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក ដើម្បីអោយនៅស្ថិតស្ថេរអស់កល្បជានិច្ច។   153  សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។   154  សូមរកយុត្តិធម៌អោយទូលបង្គំ ហើយរំដោះទូលបង្គំអោយមានសេរីភាពផង សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!   155  មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះបានឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។   156  ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែ មានព្រះហប្ញទ័យអាណិតមេត្តាជានិច្ច សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ តាមវិន័យដែលព្រះអង្គបានបង្គាប់មក។   157  អស់អ្នកដែលបៀតបៀនទូលបង្គំ និង បច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មាន របស់ព្រះអង្គឡើយ។   158  ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លំាងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល របស់ព្រះអង្គទេ។   159  ឱព្រះអម្ចាស់អើយ សូមជ្រាបថាទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ។   160  គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្តីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសំរេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។   161  ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើអោយទូលបង្គំភ័យខ្លាច!។   162  ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលប់ដែរ។   163  ទូលបង្គំស្អប់ខ្ពើមការកុហកណាស់ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។   164  ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែការវិន័យដ៏សុចរិតរបស់ព្រះអង្គ។   165  អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើអោយគេជំពប់ដួលសោះឡើយ។   166  ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។   167  ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។   168  ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ និង ដំបូន្មានរបស់ព្រះអង្គ ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។   169  សូមអោយសំរែករបស់ទូលបង្គំបានឮ ទៅដល់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។   170  សូមអោយពាក្យទទូចអង្វររបស់ទូលបង្គំ បានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។   171  ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ អោយស្គាល់ច្បាប់របស់ព្រះអង្គ។   172  ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ព្រះអង្គសុទ្ធតែសុចរិត។   173  សូមសំដែងព្រះបារមីសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសំរេចចិត្តធ្វើតាមព្រះឱវាទ របស់ព្រះអង្គហើយ។   174  ឱព្រះអម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គ សង្គ្រោះទូលបង្គំណាស់ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គជាខ្លាំង។   175  សូមអោយទូលបង្គំរស់រានមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមអោយព្រះបន្ទូលរបស់ព្រះអង្គ ជួយលើកទឹកចិត្តទូលបង្គំ។   176  ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមយាងមករកទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គផង! ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ! ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព