1 ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតទ្រង់ព្រះសណ្តាប់សំឡេងដែលខ្ញុំទទូចអង្វរ 2 ព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។ 3 មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើអោយខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ 4 ពេលនោះខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖ ឱព្រះអម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង! 5 ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហប្ញទ័យអាណិតមេត្តា។ 6 ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ 7 ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានអោយខ្ញុំ បានសុខសាន្ត។ 8 ព្រះអង្គបានរំដោះខ្ញុំអោយរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនអោយជំពប់ដួលឡើយ។ 9 ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្គ្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ 10 ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ 11 ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្ស ណាម្នាក់បានឡើយ។ 12 តើខ្ញុំអាចយកអ្វីមកតបស្នង នឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសំដែងមកលើរូបខ្ញុំ? 13 ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ 14 ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់ តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ 15 ព្រះអម្ចាស់ព្រួយព្រះហប្ញទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ 16 ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបំរើ របស់ព្រះអង្គ ដូចម្តាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំអោយរួចពីស្លាប់។ 17 ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ 18 ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់ តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ 19 គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្តាលក្រុងយេរូសាឡឹម។ ហាលេលូយ៉ា!