KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalm - ទំនុកតម្កើង 107 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហប្ញទ័យសប្បុរស ដ្បិតព្រះហប្ញទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ   2  គួរអោយអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្តីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ អោយរួចពីកណ្តាប់ដៃរបស់បច្ចាមិត្ត   3  ហើយនាំពីប្រទេសនានាមកវិញ គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និង ទិសខាងត្បូង។   4  អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែង រកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។   5  ពួកគេឃ្លានអាហារ ស្រេកទឹក ហើយបាត់បង់ទឹកចិត្ត។   6  ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ អោយរួចផុតពីការភ័យបារម្ភ   7  ព្រះអង្គដឹកនាំគេតំរង់ ទៅក្រុងមួយដែលគេ អាចស្នាក់អាស្រ័យនៅបាន។   8  អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហប្ញទ័យមេត្តាករុណា និង ស្នាព្រះហស្តដ៏អស្ចារ្យចំពោះមនុស្សលោក!   9  ដ្បិតព្រះអង្គបានប្រទានទឹក អោយអ្នកដែលស្រេក ហើយប្រទានអាហារបរិបូណ៌ ដល់អស់អ្នកដែលឃ្លាន។   10  អ្នកខ្លះទៀតរស់នៅក្នុងទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់ ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា   11  ដ្បិតពួកគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង មាក់ងាយការប្រៀនប្រដៅរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។   12  ព្រះអង្គធ្វើអោយពួកគេបាក់ស្បាត ដោយសារទុក្ខវេទនា ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ ពួកគេអោយក្រោកឡើងវិញបានឡើយ។   13  ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏សង្គ្រោះពួកគេអោយរួចផុតពីការភ័យបារម្ភ   14  ព្រះអង្គនាំពួកគេចេញពីទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់ ហើយព្រះអង្គបានផ្តាច់ច្រវាក់ចេញពីពួកគេ។   15  អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហប្ញទ័យមេត្តាករុណា និង ស្នាព្រះហស្តដ៏អស្ចារ្យចំពោះមនុស្សលោក!   16  ដ្បិតព្រះអង្គបានបំបែកទ្វារដែលធ្វើពីលង្ហិន និង កាច់បំបាក់សោរដែលធ្វើពីដែក។   17  អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និង កំហុសដែលគេបានប្រព្រឹត្ត បណ្តាលអោយគេរងទុក្ខវេទនា។   18  គេលេបអាហារលែងចូលទៀតហើយ គឺគេនៅជិតសេចក្តីស្លាប់។   19  ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏សង្គ្រោះពួកគេអោយរួចផុត ពីការភ័យបារម្ភ។   20  ពេលព្រះអង្គមានព្រះបន្ទូល ពួកគេក៏បានជា ព្រះអង្គបានរំដោះគេអោយរួចពីរណ្តៅ។   21  អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហប្ញទ័យមេត្តាករុណា និង ស្នាព្រះហស្តដ៏អស្ចារ្យចំពោះមនុស្សលោក!   22  គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយបទចំរៀងដ៏សប្បាយ!   23  អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ   24  បានឃើញស្នាព្រះហស្តរបស់ព្រះអម្ចាស់ ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។   25  ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ   26  លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់ រួចធ្វើអោយធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ ពួកគេត្រូវវេទនាអស់សង្ឃឹម។   27  ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។   28  ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេអោយរួចផុត ពីការភ័យបារម្ភ។   29  ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះអោយនៅស្ងៀម ទឹករលកក៏ស្ងប់ទៅវិញ។   30  អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់ ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយ ដែលគេប្រាថ្នាចង់ទៅ។   31  អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហប្ញទ័យមេត្តាករុណា និង ស្នាព្រះហស្តដ៏អស្ចារ្យចំពោះមនុស្សលោក!   32  គេត្រូវតែលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ប្រជាជន ហើយសរសើរតម្កើងព្រះអង្គ ក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។   33  ព្រះអង្គបានធ្វើអោយទន្លេក្លាយ ទៅជាវាលរហោស្ថាន ធ្វើអោយប្រភពទឹករីងស្ងួត   34  ព្រះអង្គអោយទឹកដីដែលមានជីជាតិ ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។   35  ព្រះអង្គបានធ្វើអោយវាលរហោស្ថានប្រែទៅជាបឹង ធ្វើអោយដីហួតហែងប្រែទៅជាប្រភពទឹក   36  ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសំរាប់ស្នាក់អាស្រ័យផង។   37  ពួកគេសាបព្រោះ និង ដាំចំការទំពាំងបាយជូរ ដែលផ្តល់ភោគផលយ៉ាងបរិបូណ៌។   38  ព្រះអង្គប្រទានពរអោយពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ព្រះអង្គមិនបណ្តោយអោយហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។   39  ពួកគេចុះអន់ថយ និង បាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និង ឈឺចុកចាប់។   40  ព្រះអង្គធ្វើអោយពួកអ្នកធំធ្លាក់ទៅក្នុងសភាព ថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។   41  ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនា ព្រះអង្គធ្វើអោយគ្រួសាររបស់គេ មានកូនចៅជាច្រើន។   42  ពេលមនុស្សសុចរិតឃើញដូច្នេះ គេនឹងមានអំណរសប្បាយ តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។   43  អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្តីនេះទុក ហើយស្វែងយល់ពីស្នាព្រះហស្តប្រកបដោយ ព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអម្ចាស់។