1 ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអស់ពីដួងចិត្ត! 2 ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហប្ញទ័យសប្បុរសនោះឡើយ! 3 ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំអោយបានជាពីជំងឺគ្រប់យ៉ាង 4 ព្រះអង្គបានរំដោះជីវិតខ្ញុំអោយរួចពីរណ្តៅ ព្រះអង្គតែងសំដែងព្រះហប្ញទ័យមេត្តាករុណា និង អាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ 5 ព្រះអង្គប្រទានអោយខ្ញុំរស់នៅ ប្រកបដោយសុភមង្គល ហើយព្រះអង្គប្រទានអោយខ្ញុំ មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។ 6 ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិត ព្រះអង្គរកយុត្តិធម៌អោយ អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ 7 ព្រះអង្គបង្ហាញអោយលោកម៉ូសេ ស្គាល់គំរោងការរបស់ព្រះអង្គ ព្រះអង្គបង្ហាញអោយប្រជាជនអ៊ីស្រាអែល ស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ 8 ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យ អាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គមានព្រះហប្ញទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហប្ញទ័យមេត្តាករុណា។ 9 ព្រះអង្គមិនបន្ទោសជានិច្ចកាលទេ ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។ 10 ព្រះអង្គមិនដាក់ទោសយើង អោយសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ ហើយព្រះអង្គក៏មិនអោយយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។ 11 ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ 12 ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ 13 ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ 14 ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។ 15 ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬ ដូចជាផ្កាដែលរីកឡើងនៅទីវាល 16 ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។ 17 តែព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសំដែងព្រះហប្ញទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេ នៅជំនាន់ក្រោយដែរ 18 ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ព្រះអង្គឥតភ្លេចសោះឡើយ។ 19 ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គនៅស្ថានបរមសុខ ព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។ 20 ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ ហើយស្តាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។ 21 អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែបំរើព្រះអង្គ ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គជានិច្ច! 22 ឱស្នាព្រះហស្តទាំងឡាយរបស់ព្រះអម្ចាស់អើយ ទោះបីនៅទីណាក្តី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!