1 ទូលបង្គំនឹងច្រៀងរៀបរាប់ អំពីព្រះហប្ញទ័យមេត្តាករុណា និង យុត្តិធម៌ ព្រះអម្ចាស់អើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។ 2 ទូលបង្គំនឹងយកចិត្តទុកដាក់អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបព្រះអង្គ យាងមករកទូលបង្គំ? ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ ដោយកាន់ចិត្តទៀងត្រង់។ 3 ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ ណាមួយជាដាច់ខាត ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយា របស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាបែបនេះទេ។ 4 ទូលបង្គំមិនទុកអោយមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតទូលបង្គំបានឡើយ ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។ 5 ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយប្ញកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។ 6 ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្ត ស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយទូលបង្គំ ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ទូលបង្គំនឹងអោយគេធ្វើជាជំនិតរបស់ទូលបង្គំ។ 7 រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាតអោយរស់នៅ ក្នុងផ្ទះទូលបង្គំឡើយ ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតទូលបង្គំបានដែរ។ 8 រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់ ទាំងប៉ុន្មាននៅក្នុងស្រុក ទូលបង្គំដកពួកទុច្ចរិត ចេញពីទីក្រុងរបស់ព្រះអម្ចាស់។ នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភ័ក្ត្រឡើយ!