1 កូនអើយ កុំភ្លេចពាក្យបណ្តាំឪពុក ចូរចងចាំពាក្យដែលឪពុកទូន្មាន 2 ចូររក្សាពាក្យដែលឪពុកទូន្មាននេះទើបកូនមានជីវិត។ ចូររក្សាពាក្យដែលឪពុកប្រៀនប្រដៅទុក ដូចជាកែវភ្នែក។ 3 ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ 4 ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និង ចាត់ទុកតំរិះដូចជាមិត្ត។ 5 ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្តី និង គេចផុតពីប្រពន្ធគេដែលប្រសប់លួងលោម។ 6 មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះសម្លឹងទៅផ្លូវកែង 7 ក្នុងចំណោមយុវជនដែលមិនសូវដឹងខុសត្រូវ ឪពុកឃើញក្មេងកំឡោះម្នាក់ គ្មានប្រាជ្ញាទាល់តែសោះ។ 8 ក្មេងកំឡោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្តីរស់នៅហើយដើរតំរង់ទៅផ្ទះនាង។ 9 ពេលនោះជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ 10 ស្ត្រីនោះចេញមកជួបអ្នកកំឡោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យាដើម្បីទាក់ទាញចិត្តគេ។ 11 នាងពុះកព្រោ្ជលស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ 12 នាងនេះដើររកប្រុសនៅតាមដងផ្លូវនៅតាមផ្សារ និង នៅគ្រប់កៀនកោះ។ 13 នាងចាប់អ្នកកំឡោះមកអោបរឹត ហើយនិយាយទាំងងងើលថា 14 «ថ្ងៃនេះខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណដើម្បីលាបំណន់។ 15 ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយឥឡូវខ្ញុំជួបបងមែន!។ 16 ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចំរុះពណ៌ និង មានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។ 17 ខ្ញុំបានប្រោះទឹកអប់ និង គ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ 18 សូមអញ្ជើញមកយើងរួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នារហូតដល់ព្រឹកស្អែក។ 19 ប្តីខ្ញុំមិននៅផ្ទះទេគាត់បានចេញដំណើរទៅស្រុកឆ្ងាយបាត់ហើយ។ 20 គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។ 21 នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំឡោះដោយពាក្យសំដីផ្អែមល្ហែម។ 22 អ្នកកំឡោះក៏ទៅតាមនាងភ្លាមដូចគោដែលគេនាំទៅទីសត្តឃាត និង ដូចមនុស្សឆ្កួតដែលបណ្តោយអោយគេចងជើងចងដៃយកទៅធ្វើទោស។ 23 អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ លុះត្រាតែមានព្រួញមកទំលុះដល់បេះដូង។ 24 ឥឡូវនេះ កូនអើយ ចូរស្តាប់ឪពុក ចូរត្រងត្រាប់ស្តាប់សេចក្តីដែលឪពុកទូន្មាន។ 25 កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ 26 ដ្បិតស្ត្រីនេះបានធ្វើអោយមានជនរងគ្រោះជាច្រើន សូម្បីតែអ្នកខ្លាំងពូកែក៏ត្រូវស្លាប់ដោយសារស្នាដៃនាងដែរ។ 27 ផ្ទះរបស់នាងជាស្ថានមច្ចុរាជអ្នកដែលចូលទៅក្នុងផ្ទះនោះ មុខជាស្លាប់មិនខាន។