1 កូនអើយ ប្រសិនបើកូនធានាបងប្អូនណាម្នាក់ដែលជំពាក់បំណុលគេ 2 ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និង ជាប់សំដីក្នុងរឿងនេះ 3 បានសេចក្តីថា កូនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បងប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះហើយអង្វរករនិង រំអុកសុំរំដោះខ្លួនអោយរួច 4 កុំដេក កុំសំរាកឡើយ 5 គឺខំប្រឹងរើបំរះ អោយទាល់តែរួចខ្លួន ដូចឈ្លូស និង បក្សីខំប្រឹងរំដោះខ្លួន អោយរួចពីអន្ទាក់របស់ព្រាន។ 6 កូនកំជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វារួចយកមេរៀនពីវាទៅ។ 7 វាគ្មានអ្នកត្រួតត្រា គ្មានមេកើយគ្មានថៅកែទេ 8 តែនៅរដូវក្តៅ វាប្រមូលចំណីនៅរដូវចំរូត វាសន្សំស្បៀងទុក។ 9 ជនកំជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? 10 អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិចដេកអោបដៃបន្តិច។ 11 ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាមដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។ 12 អ្នកណាដើរសាបព្រោះពាក្យមិនពិត អ្នកនោះជាមនុស្សចោលម្សៀត និង ទុច្ចរិត 13 គេមិចភ្នែក លើកដៃលើកជើងជាសញ្ញា 14 មានចិត្តពាល ហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា និង បង្កជំលោះ។ 15 ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។ 16 មានអំពើប្រាំមួយ ឬ ប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របាន គឺ: 17 ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ 18 ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់ 19 ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និង ការបង្កជំលោះបំបាក់បំបែកបងប្អូន។ 20 កូនអើយ ចូរស្តាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្តាយ។ 21 ចូរចងចាំទុកក្នុងចិត្តចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។ 22 ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូនការពារកូនក្នុងពេលដេកហើយសារស័ព្ទជាមួយកូន នៅពេលកូនភ្ញាក់ 23 ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។ 24 ពាក្យដាស់តឿនទាំងនេះ ការពារកូនកុំអោយចាញ់បោកស្រីទុច្ចរិតកុំអោយចាញ់បពោ្ឆតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្តី។ 25 កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្តោយអោយចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ 26 ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្តីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។ 27 តើមាននរណាយកភ្លើងមកអោប ហើយភ្លើងមិនឆេះអាវទាំងមូល? 28 តើមាននរណាដើរលើរងើកភ្លើង ហើយមិនរលាកជើង? 29 រីឯអ្នកដែលប៉ះពាល់ប្រពន្ធគេក៏ដូច្នោះដែរ គឺត្រូវតែទទួលផលវិបាកជានិច្ច។ 30 ចោរលួចគេដើម្បីគ្រាន់តែចំអែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ 31 តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ 32 អ្នកណាលួចប្រពន្ធគេអ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះ នាំតែវិនាសខ្លួនឯង។ 33 អ្នកនោះនឹងទទួសទោសបាត់បង់កិត្តិយសហើយត្រូវខ្មាសគេរហូត 34 ដ្បិតប្តីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ 35 គេមិនព្រមទទួលសំណង គេមិនអត់ទោសអោយទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។