KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Proverbs - សុភាសិត 4 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កូនអើយ ចូរនាំគ្នាស្តាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង   2  ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។   3  ពីដើម ឪពុកធ្លាប់ស្តាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណប់របស់ជីដូនឯងដែរ។   4  ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។   5  ចូររកប្រាជ្ញា និង ការចេះដឹងអោយបាន។ មិនត្រូវបំភ្លេចឬងាកចេញពីពាក្យរបស់ឪពុកឡើយ។   6  កុំបោះបង់ប្រាជ្ញាអោយសោះនោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញានោះប្រាជ្ញានឹងថែរក្សាកូន។   7  រីឯប្រភពនៃប្រាជ្ញា ចាប់ផ្តើមដូចតទៅ : គឺត្រូវរកប្រាជ្ញាអោយបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកអោយបានការចេះដឹង។   8  ចូរអោបរឹតប្រាជ្ញាអោយជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។   9  ប្រាជ្ញានឹងផ្តល់អោយកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និង ជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សំរាប់កូន»។   10  កូនអើយ ចូរស្តាប់ពាក្យរបស់ឪពុកនោះកូននឹងមានអាយុវែង។   11  ឪពុកបានណែនាំកូនអោយស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និង បានអប់រំកូនអោយដើរតាមមាគ៌ាទៀងត្រង់។   12  បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនអោយជំពប់ដួលឡើយ។   13  ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាអោយជាប់ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។   14  មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតំរាប់តាមមនុស្សអាក្រក់ដែរ។   15  ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងអោយឆ្ងាយ។   16  អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះគេដេកមិនលក់ឡើយ   17  ដ្បិតគេចិញ្ចឹមជីវិត ដោយសារអំពើទុច្ចរិតហើយគេផឹកស្រាដែលបានមក ដោយសារអំពើឃោរឃៅ។   18  មាគ៌ារបស់មនុស្សសុចរិត ប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗរហូតដល់ព្រះអាទិត្យពេញកំដៅ។   19  រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើអោយខ្លួនជំពប់ដួលនោះឃើញឡើយ។   20  កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្តាប់ពាក្យទូន្មាន និង ឱវាទរបស់ឪពុក។   21  កុំបំភ្លេចពាក្យឪពុក គឺត្រូវរក្សាទុកអោយជាប់នៅក្នុងដួងចិត្តជានិច្ច។   22  ដ្បិតឱវាទនេះនឹងផ្តល់ជីវិត និង សុខភាព ដល់អស់អ្នកដែលសុខចិត្តទទួល។   23  ចូរកូនថែរក្សាចិត្តគំនិត ដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។   24  ចូរទប់មាត់កុំអោយពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្តាតពោលពាក្យមួលបង្កាច់គេដែរ។   25  ចូរសំដែងអោយមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។   26  ចូររៀបចំផ្លូវដែលកូនត្រូវដើរអោយត្រង់ គឺធ្វើយ៉ាងណាអោយផ្លូវនោះបានត្រឹមត្រូវ   27  កុំងាកស្តាំ ងាកឆ្វេងហើយចៀសអោយឆ្ងាយពីផ្លូវអាក្រក់។