KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Proverbs - សុភាសិត 29 - Khmer, Central - Old Version - Bible.is - KMHKOV

  1  អ្នកដែលរឹងរូស មិនព្រមទទួលការ ស្តីប្រដៅ នឹងត្រូវវិនាសភ្លាមគ្មានអ្វីជួយបានឡើយ។   2  កាលណាមានមនុស្សសុចរិតច្រើន គ្រប់គ្រងស្រុកប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។   3  អ្នកដែលស្រឡាញ់ប្រាជ្ញា តែងតែធ្វើអោយឪពុកសប្បាយចិត្ត រីឯអ្នកដែលសេពគប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។   4  ស្តេចប្រកបដោយយុត្តិធម៌តែងតែធ្វើអោយស្រុកបានចំរើនឡើង រីឯស្តេចដែលទារពន្ធហួសប្រមាណរមែងធ្វើអោយស្រុកហិនហោច។   5  អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។   6  មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិត តែងតែមានអំណរសប្បាយយ៉ាងខ្លាំង។   7  មនុស្សសុចរិត តែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។   8  មនុស្សចំអកឡកឡឺយ រមែងបង្កអោយមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញាតែងតែធ្វើអោយចលាចលនោះស្ងប់ទៅវិញ។   9  ប្រសិនបើមនុស្សមានប្រាជ្ញា ឡើងក្តីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬ សើចក្តីក៏គាត់មិនបានស្ងប់ចិត្តដែរ។   10  ពួកឃាតក រមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។   11  មនុស្សល្ងង់ខ្លៅ រមែងបញ្ចេញកំហឹងរបស់ខ្លួនអោយគេឃើញ រីឯមនុស្សមានប្រាជ្ញា តែងតែចេះទប់កំហឹង។   12  កាលណាចៅហ្វាយចូលចិត្តស្តាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។   13  អ្នកទុគ៌ត និង អ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់ប្រទានអោយអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។   14  ស្តេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។   15  ការវាយប្រដៅ និង ការស្តីបន្ទោសរមែងធ្វើអោយមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្តោយអោយធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្តាយ។   16  កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើង កាន់តែច្រើនយ៉ាងនោះដែរប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។   17  ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើអោយអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើអោយអ្នកសប្បាយចិត្ត។   18  ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។   19  គេមិនអាចប្រដៅខ្ញុំបំរើ នឹងពាក្យសំដីបានទេ ដ្បិតទោះបីវាយល់ក្តី ក៏វាមិនធ្វើតាមដែរ។   20  ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។   21  បើអ្នកទំរើសខ្ញុំបំរើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវានឹងមិនស្តាប់បង្គាប់អ្នកឡើយ។   22  មនុស្សឆាប់ខឹងរមែងបង្កជំលោះ រីឯអ្នកដែលមានចិត្តកំរោល រមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។   23  អំនួតរបស់មនុស្ស រមែងធ្វើអោយគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។   24  អ្នកណាសមគំនិតជាមួយចោរ អ្នកនោះស្អប់ខ្លួនឯងព្រោះគេដឹងថា ខ្លួនត្រូវបណ្តាសាតែមិនហ៊ានធ្វើជាសាក្សីទេ។   25  ភ័យខ្លាចមនុស្ស រមែងធ្វើអោយខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្តីសុខ។   26  មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលរកយុត្តិធម៌អោយមនុស្សគ្រប់ៗរូប។   27  មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។