KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Proverbs - សុភាសិត 26 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លើកមនុស្សខ្លៅអោយមានកិត្តិយស មិនទំនងទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវកៅ្ត និង ដូចភ្លៀងនៅរដូវចំរូត។   2  ការដាក់បណ្តាសា ដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និង សត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។   3  រំពាត់ខ្សែតីសំរាប់វាយសេះ បង្ហៀរសំរាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់ សំរាប់វាយខ្នងមនុស្សខ្លៅ។   4  កុំឆ្លើយទៅមនុស្សខ្លៅ តាមរបៀបខ្លៅក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។   5  ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំអោយគេនឹកស្មានថាខ្លួនមានប្រាជ្ញា។   6  អ្នកដែលប្រើមនុស្សខ្លៅ អោយនាំសារប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។   7  សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។   8  លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។   9  សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកគ្រវីនៅក្នុងដៃ។   10  ចៅហ្វាយណាជួលមនុស្សខ្លៅ ឬ មនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើអោយគេឯងអំពល់ទុក្ខគ្រប់គ្នា។   11  មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។   12  ប្រសិនបើអ្នកឃើញនរណាម្នាក់អួតខ្លួនថាជាមនុស្សមានប្រាជ្ញា តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។   13  មនុស្សកំជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។   14  ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកំជិល នៅននៀលជាប់នឹងគ្រែជានិច្ច។   15  មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។   16  មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ដែលចេះឆ្លើយដោយវាងវៃ។   17  ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។   18  អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង»   19  អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញ ដើម្បីសម្លាប់គេ។   20  ពេលណាអស់អុស ភ្លើងក៏រលត់ ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ ជំលោះក៏បាត់អស់ដែរ។   21  មនុស្សអុជអាល ធ្វើអោយមានជំលោះកាន់តែខ្លាំងឡើងៗប្រៀបដូចជាធ្យូង និង អុសដែលធ្វើអោយភ្លើងរឹតតែឆេះឡើង។   22  ពាក្យសំដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។   23  សំដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។   24  មនុស្សស្អប់គេតែងតែនិយាយលាក់ពុតរីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។   25  កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេអោយសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។   26  ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។   27  អ្នកណាជីករណ្តៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្តៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។   28  បើយើងនិយាយមួលបង្កាច់នរណា បានសេចក្តីថាយើងស្អប់អ្នកនោះ ហើយបើយើងនិយាយបញ្ចើចបញ្ចើអ្នកណា យើងនឹងធ្វើអោយអ្នកនោះត្រូវអន្តរាយ។