1 សុរារ មែងធ្វើអោយមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើអោយមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។ 2 កំហឹងរបស់ស្តេច ប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោអ្នកដែលធ្វើអោយស្តេចខ្ញាល់ រមែងនាំអោយខ្លួនមានទោស។ 3 អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះអ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។ 4 នៅរដូវវស្សា មនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចំរូត គេរកអ្វីច្រូតពុំបានឡើយ។ 5 គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះដែលចេះស្រង់យកគំនិតនោះ។ 6 មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរអោយទុកចិត្ត ពិបាករកណាស់។ 7 មនុស្សសុចរិត តែងតែរស់នៅ ដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។ 8 កាលណាស្តេចប្រកបដោយយុត្តិធម៌គង់លើរាជបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។ 9 តើអ្នកណាអាចញេលថា «ខ្ញុំមានចិត្តបរិសុទ្ធខ្ញុំគ្មានបាបទាល់តែសោះ»?។ 10 បំបាត់ភ្នែកជញ្ជីង ឬ វាល់មិនគ្រប់ សុទ្ធតែជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។ 11 សូម្បីតែកូនក្មេង ក៏អាចបង្ហាញអោយគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។ 12 ត្រចៀកសំរាប់ស្តាប់ និង ភ្នែកសំរាប់មើលសុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។ 13 បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្របើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។ 14 អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។ 15 មាសក៏សម្បូណ៌ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសំដីប្រកបដោយប្រាជ្ញា មានតម្លៃលើសអ្វីៗទាំងអស់។ 16 បើមានគេមកធានាសងបំណុល ជំនួសនរណាម្នាក់ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។ 17 អាហារដែលបានមកពីការបញ្ឆោត ឆ្ងាញ់តែមុនដំបូងទេ ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។ 18 យោបល់ល្អ រមែងធ្វើអោយគំរោងការបានសំរេច មុននឹងធ្វើសង្គ្រាមត្រូវរិះគិតអោយបានដិតដល់ជាមុន។ 19 អ្នកនិយាយដើមគេ រមែងបើកកកាយការសំងាត់កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។ 20 អ្នកណាប្រទេចផ្តាសាឪពុកម្តាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។ 21 អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេកទៅថ្ងៃក្រោយ អ្នកនោះមិនបានទទួលព្រះពរឡើយ។ 22 កុំប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់នោះព្រះអង្គនឹងសង្គ្រោះអ្នក។ 23 ព្រះអម្ចាស់មិនសព្វព្រះហប្ញទ័យនឹងកូនជញ្ជឹងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះអង្គមិនសព្វព្រះហប្ញទ័យដែរ។ 24 ព្រះអម្ចាស់តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។ 25 ចូររិះគិតអោយបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំអោយស្តាយក្រោយ។ 26 ស្តេចមានប្រាជ្ញា តែងតែកំចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេ ឥតប្រណី។ 27 វិញ្ញាណរបស់មនុស្សជាចង្កៀងដែលមកពីព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជំរៅចិត្តរបស់គេ។ 28 សេចក្តីសប្បុរស និង សេចក្តីស្មោះត្រង់រមែងជួយការញរស្តេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។ 29 កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ 30 របួសដ៏ឈឺចាប់ ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំ អាចធ្វើអោយមានការកែប្រែរហូតដល់ជំរៅចិត្ត។