KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Proverbs - សុភាសិត 12 - Khmer, Central - Old Version - Bible.is - KMHKOV

  1  អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។   2  ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។   3  គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ តែមនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយ។   4  ភរិយាថ្លៃថ្នូរតែងតែផ្តល់កិត្តិយសអោយស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្តី។   5  មនុស្សសុចរិត គិតតែពីធ្វើអ្វីដែលស្របច្បាប់រីឯមនុស្សអាក្រក់ គិតតែពីធ្វើអំពើល្មើសច្បាប់។   6  ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែជាអន្ទាក់សម្លាប់គេ រីឯសំដីរបស់មនុស្សទៀងត្រង់តែងតែសង្គ្រោះគេវិញ។   7  បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិត នៅស្ថិតស្ថេរជានិច្ច។   8  មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរ តែងតែមានគេមើលងាយ។   9  រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបំរើតែម្នាក់ នោះប្រសើរជាងវាយប្ញកហ៊ឺហាតែខ្វះអង្ករច្រកឆ្នាំង។   10  មនុស្សសុចរិត តែងតែថែទាំសត្វពាហណៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។   11  អ្នកខំប្រឹងធ្វើស្រែចំការ រមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញ ជាមនុស្សខ្វះការពិចារណា។   12  មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចំរើនឡើង។   13  មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសំដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។   14  មនុស្សម្នាក់ៗរកបានសុភមង្គល ដោយសារពាក្យសំដីដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។   15  មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃជាមនុស្សមានប្រាជ្ញា។   16  មនុស្សខ្លៅឆាប់ច្រឡោតខឹង រីឯមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។   17  មនុស្សនិយាយការពិត រមែងធ្វើអោយមានយុត្តិធម៌ រីឯសាក្សីក្លែងក្លាយ តែងតែធ្វើអោយមានអយុត្តិធម៌។   18  អ្នកដែលនិយាយប៉បាច់ប៉ប៉ោច តែងតែធ្វើអោយអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញា ជាឱសថព្យាបាលមុខរបួស។   19  ពាក្យពិត នៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។   20  អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់ តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។   21  គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។   22  ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហប្ញទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។   23  មនុស្សឆ្លាត មិនលាតត្រដាងចំណេះខ្លួនទេ រីឯមនុស្សខ្លៅ ចូលចិត្តអួតអាង អំពីអវិជ្ជារបស់ខ្លួន។   24  មនុស្សឧស្សាហ៍ នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។   25  ការខ្វល់ខ្វាយ តែងតែធ្វើអោយមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើអោយមានអំណរឡើងវិញ។   26  មនុស្សសុចរិត តែងតែនាំមិត្តសម្លាញ់របស់ខ្លួនអោយដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់ នាំអោយគេវង្វេងវិញ។   27  ព្រានកំជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។   28  នៅក្នុងផ្លូវសុចរិត មានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្តីស្លាប់ឡើយ។