KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Numbers - ជនគណនា 9 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃ ដូចតទៅនេះ៖   2  «ចូរអោយជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃដែលបានកំណត់ទុក។   3  ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើត ក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមច្បាប់ និង តាមវិន័យដែលមានចែងទុក»។   4  លោកម៉ូសេប្រាប់ជនជាតិអ៊ីស្រាអែលអោយធ្វើពិធីបុណ្យចម្លង។   5  ពួកគេក៏ប្រារព្ធពិធីបុណ្យចម្លង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។   6  ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មងព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងបានឡើយ។ នៅថ្ងៃដដែលនោះពួកគេទៅជួបលោកម៉ូសេ និង លោកអើរ៉ុន   7  ហើយជំរាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។   8  លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្តីអំពីករណីរបស់អ្នករាល់គ្នាសិន»។   9  ព្រះអម្ចាស់មានព្រះបន្ទូល មកកាន់លោកម៉ូសេថា៖   10  «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ : ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មងព្រោះតែប៉ះពាល់សាកសព ឬ ធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។   11  ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លង ជាមួយនំបុ័ងឥតមេ និង បន្លែល្វីង។   12  គេមិនត្រូវទុកអ្វីអោយនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុក អំពីបុណ្យចម្លង។   13  ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។   14  ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រឹត្យវិន័យ និង ច្បាប់ដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានច្បាប់តែមួយសំរាប់អ្នករាល់គ្នា ទោះបីជនបរទេសក្តី ម្ចាស់ស្រុកក្តី។   15  នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពកមកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើងស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។   16  ពពកស្ថិតនៅលើព្រះពន្លាដូច្នេះរហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។   17  ពេលណាពពកអណ្តែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។   18  ជនជាតិអ៊ីស្រាអែលចេញដំណើរតាមបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអង្គដែរ។ ពពកស្ថិតនៅលើព្រះពន្លាអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។   19  ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។   20  ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និង រើជំរំតាមបញ្ជារបស់ព្រះអម្ចាស់។   21  ជួនកាលពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹមពពកអណ្តែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ពេលពពកអណ្តែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។   22  ប្រសិនបើពពកស្ថិតនៅលើព្រះពន្លា ចំនួនពីរថ្ងៃ ឬ មួយខែឬមួយឆ្នាំ ជនជាតិអ៊ីស្រាអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្តែតឡើង ទើបពួកគេចេញដំណើរ។   23  ពួកគេនាំគ្នាបោះជំរំ តាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបំរើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។