1 នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ ហើយលោកបានចាក់ប្រេងលើព្រះពន្លា និង គ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និង គ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈដើម្បីញែកជាសក្ការៈដែរ។ 2 ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធដែលបានចូលរួមជំរឿនប្រជាជន។ 3 ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់ : រទេះមានដំបូលចំនួនប្រាំមួយ និង គោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 5 «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើប្រាស់សំរាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយអោយពួកលេវីតាមមុខងាររបស់ពួកគេរៀងៗខ្លួន»។ 6 លោកម៉ូសេក៏ប្រគល់រទេះ និង គោអោយពួកលេវី។ 7 លោកអោយរទេះពីរ និង គោពីរនឹមទៅកូនចៅគើសូនសំរាប់ប្រើប្រាស់ក្នុងការងាររបស់គេ។ 8 លោកអោយរទេះបួន និង គោបួននឹម ទៅកូនចៅម៉្រារីសំរាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ 9 លោកពុំបានអោយទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។ 10 នៅថ្ងៃដែលលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈពួកមេដឹកនាំបានយកតង្វាយមកថ្វាយនៅមុខអាសនៈ។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា ៖ « ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។ 12 អ្នកដែលថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណាសូនជាកូនរបស់លោកអមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ 13 តង្វាយរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 14 បន្ទាប់មកមានពែងមាសមួយ ទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 15 គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 16 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 17 ហើយគោឈ្មោលពីរចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកណាសូន ជាកូនរបស់លោកអមីណាដាប់។ 18 នៅថ្ងៃទីពីរលោកនេថានេល ជាកូនរបស់លោកស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ នាំយកតង្វាយ របស់គាត់មកថ្វាយ។ 19 តង្វាយដែលគាត់ថ្វាយមានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 20 បន្ទាប់មកមានពែងមាសមួយ ទម្ងន់បីតម្លឹងដែលមានគ្រឿងក្រអូបពេញ 21 គោស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយសំរាប់ថ្វាយជាតង្វាយដុតទាំងមូល 22 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 23 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំពពែឈ្មោលប្រាំកូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកនេថានេល ជាកូនរបស់លោកស៊ូហារ។ 24 នៅថ្ងៃទីបីគឺលោកអេលាប ជាកូនរបស់លោកហេឡូន ជាមេដឹកនាំរបស់កូនសាប់យូឡូន។ 25 តង្វាយរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 26 បន្ទាប់មកមានពែងមាសមួយ ទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 27 គោស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 28 ពពែឈ្មោលមួយសំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 29 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលាប ជាកូនរបស់លោកហេឡូន។ 30 នៅថ្ងៃទីបួនគឺលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាមេដឹកនាំរបស់កូនចៅរូបេន។ 31 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 32 បន្ទាប់មក មានពែងមាសមួយ ទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 33 គោស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយសំរាប់ថ្វាយជាតង្វាយដុតទាំងមូល 34 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 35 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ។ 36 នៅថ្ងៃទីប្រាំគឺលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម្មាន។ 37 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 38 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 39 គោស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 40 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 41 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ។ 42 នៅថ្ងៃទីប្រាំមួយ គឺលោកអេលាសាប់ ជាកូនរបស់លោកដេហ៊ូអែល ជាមេដឹកនាំរបស់កូនចៅកាដ។ 43 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 44 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 45 គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 46 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 47 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលាសាប់ ជាកូនរបស់លោកដេហ៊ូអែល។ 48 នៅថ្ងៃទីប្រាំពីរ គឺលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ ជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីម។ 49 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះ មានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 50 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 51 គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 52 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 53 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ។ 54 នៅថ្ងៃទីប្រាំបីគឺលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ ជាមេដឹកនាំរបស់កូនចៅម៉ាណាសេ។ 55 តង្វាយរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 56 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 57 គោស្ទាវមួយចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 58 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 59 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ។ 60 នៅថ្ងៃទីប្រាំបួនគឺលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី ជាមេដឹកនាំរបស់កូនចៅបេនយ៉ាមីន។ 61 តង្វាយរបស់គាត់ មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសំរាប់ថ្វាយជាតង្វាយម្សៅ។ 62 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 63 គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 64 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 65 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំសំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។ 66 នៅថ្ងៃទីដប់ គឺលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ ជាមេដឹកនាំរបស់កូនចៅដាន់។ 67 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះ មានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 68 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 69 គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 70 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 71 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ។ 72 នៅថ្ងៃទីដប់មួយ គឺលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអេស៊ើរ។ 73 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះ មានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 74 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 75 គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួប មួយសំរាប់ថ្វាយជាតង្វាយដុតទាំងមូល 76 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 77 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន។ 78 នៅថ្ងៃទីដប់ពីរគឺលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន ជាមេដឹកនាំរបស់កូនចៅណែបថាលី។ 79 តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និង ថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេង សំរាប់ថ្វាយជាតង្វាយម្សៅ។ 80 បន្ទាប់មកមានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ 81 គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 82 ពពែឈ្មោលមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប 83 ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន។ 84 តង្វាយដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលយកមកថ្វាយ នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។ 85 ពានប្រាក់នីមួយៗទម្ងន់សែសិបតម្លឹងថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ ប្រាំពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ 86 រីឯពែងមាសទាំងដប់ពីរ ដែលមានដាក់គ្រឿងក្រអូបពេញនោះ ពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។ 87 រីឯចំនួនសត្វសំរាប់ថ្វាយជាតង្វាយដុតទាំងមូល មានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវថ្វាយជាមួយតង្វាយម្សៅ។ រីឯយញ្ញបូជារំដោះបាប មានពពែឈ្មោលដប់ពីរ។ 88 ចំនួនសត្វសំរាប់ថ្វាយជាយញ្ញបូជាមេត្រីភាព សរុបទាំងអស់មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិបពពែឈ្មោលហុកសិប និង កូនចៀមអាយុមួយខួបហុកសិប។ នេះជាតង្វាយសំរាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។ 89 នៅពេលដែលលោកម៉ូសេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកបានឮព្រះសូរសៀង ពីលើគំរបហិបនៃសន្ធិសញ្ញាដែលស្ថិតនៅចន្លោះចេរូប៊ីនទាំងពីរ។ លោកក៏សន្ទនាជាមួយព្រះអង្គ។