1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និង លោកអើរ៉ុនថា៖ 2 «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅកេហាត់ ដោយគិតតាមអំបូរ និង តាមក្រុមគ្រួសាររបស់ពួកគេ 3 ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ 4 កូនចៅកេហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ 5 ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរអើរ៉ុន និង កូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខ័ណ្ឌទីសក្ការៈបំផុត 6 យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើ មួយជាន់ទៀតរួចទើបស៊កឈើសំរាប់សែង។ 7 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសំរាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសំរាប់ធ្វើពិធីច្រួចស្រាមកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។ 8 បន្ទាប់មកពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសំរាប់សែង។ 9 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសំរាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះភាជន៍ដាក់កំទេច និង ដបប្រេងទាំងប៉ុន្មានសំរាប់ដុតចង្កៀងនោះ 10 ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សំរាប់សែង។ 11 ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយ ក្រាលលើអាសនៈមាសហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសំរាប់សែង។ 12 ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើរួចដាក់លើប្រដាប់សំរាប់ស្នែង។ 13 ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ 14 បន្ទាប់មកត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើងសមប្រដាប់ចូកផើង និង គ្រឿងបរិក្ខារទាំងប៉ុន្មាន ទៀតសំរាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំរួចស៊កឈើសំរាប់សែង។ 15 នៅពេលលើកជំរំ កាលអើរ៉ុន និង កូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារៈ ប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។ 16 អេឡាសារ ជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍និង ប្រេងសំរាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និង អ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និង គ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។ 17 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និង លោកអើរ៉ុនថា៖ 18 «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ 19 ពេលណាអំបូរកេហាត់គេចូលមកជិតទីសក្ការៈបំផុតអើរ៉ុន និង កូនចៅរបស់គាត់ត្រូវចាត់ចែងអោយពួកគេបំពេញមុខងារ និង ភារកិច្ចរៀងៗខ្លួនធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ 20 ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។ 21 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា ៖ 22 «ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូនដោយគិតតាមអំបូរ និង តាមក្រុមគ្រួសាររបស់ពួកគេ។ 23 ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបំរើការងារ នៅក្នុងពន្លាជួបព្រះអម្ចាស់។ 24 អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ : 25 ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និង ក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សំរាប់គ្របពីលើ និង ស្បែកផ្សោតសំរាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់ 26 ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលានក្រណាត់នៅជុំវិញព្រះពន្លា និង អាសនៈខ្សែសន្ធឹង និង គ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតំរូវអោយធ្វើ។ 27 អើរ៉ុន និង កូនចៅរបស់គាត់ ត្រូវចាត់ចែងអោយកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺអោយពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ 28 នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន។ 29 ចូរជំរឿនកូនចៅម៉្រារី តាមអំបូរតាមគ្រួសាររបស់ពួកគេ។ 30 ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ 31 ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្តាររបស់ព្រះពន្លា រនុកសសរ និង ជើងសសរ 32 សសរ និង ជើងសសរនៅជុំវិញទីលាន ចម្រឹងខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និង អ្វីៗទាំងអស់ ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ អោយពួកគេមើលថែទាំ។ 33 នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីថាម៉ារជាកូនរបស់បូជាចារ្យអើរ៉ុន»។ 34 លោកម៉ូសេ លោកអើរ៉ុន និង មេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅកេហាត់ តាមអំបូរ និង តាមគ្រួសាររបស់ពួកគេ 35 អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំហើយត្រូវបំរើការងារ នៅក្នុងពន្លាជួបព្រះអម្ចាស់ 36 ក្នុងអំបូរនេះមានចំនួនទាំងអស់២ ៧៥០នាក់។ 37 នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារ នៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និង លោកអើរ៉ុនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 38 រីឯកូនចៅគើសូនដែលគេបានជំរឿនតាមអំបូរ និង តាមគ្រួសាររបស់ពួកគេ 39 គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 40 ក្នុងអំបូរនេះ មានចំនួនទាំងអស់ ២៦៣០ នាក់។ 41 នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារ នៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និង លោកអើរ៉ុនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មក។ 42 អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និង តាមគ្រួសាររបស់ពួកគេ 43 គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 44 ក្នុងអំបូរនេះ មានចំនួនទាំងអស់៣ ២0០ នាក់។ 45 នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ លោកម៉ូសេ និង លោកអើរ៉ុនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 46 ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអើរ៉ុន និង មេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿន តាមអំបូរ និង តាមគ្រួសាររបស់ពួកគេ 47 ដោយគិតចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបំរើការងារក្នុងពន្លាជួបព្រះអម្ចាស់ និង លីសែងសម្ភារៈ 48 ពួកគេមានចំនួនទាំងអស់ ៨ ៥៨០នាក់។ 49 លោកម៉ូសេបង្គាប់អោយគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់អោយម្នាក់ៗស្គាល់ភារកិច្ច និង សម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។