1 នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអើរ៉ុន និង លោកម៉ូសេ នៅគ្រាដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។ 2 កូនរបស់លោកអើរ៉ុនមានរាយនាមដូចតទៅ : ណាដាប់ ជាកូនច្បងអប៊ីហ៊ូវ អេឡាសារ និង អ៊ីថាម៉ារ។ 3 នេះជាឈ្មោះកូនប្រុសរបស់លោកអើរ៉ុន ដែលបានទទួលការតែងតាំងអោយបំពេញមុខងារជាបូជាចារ្យ។ 4 លោកណាដាប់ និង លោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលដែលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និង លោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។ 5 ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖ 6 «ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយអោយពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអើរ៉ុន ដើម្បីជួយបំពេញការងារគាត់។ 7 ពួកគេមានភារកិច្ចបំពេញមុខងារបំរើអើរ៉ុន និង បំរើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបំរើកិច្ចការនៅក្នុងព្រះពន្លា។ 8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបំរើជនជាតិអ៊ីស្រាអែលដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ 9 ចូរប្រគល់កុលសម្ព័ន្ធលេវីទៅអោយអើរ៉ុន និង កូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែលប្រគល់ផ្តាច់អោយអើរ៉ុន។ 10 ចូរតែងតាំងអើរ៉ុន និង កូនប្រុសៗរបស់គាត់ អោយបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះនឹងត្រូវទទួលទោសដល់ស្លាប់»។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 12 «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសំរាប់យើងជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល 13 ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃដែលយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសំរាប់យើង គឺកូនច្បងរបស់មនុស្ស និង កូនដំបូងរបស់សត្វជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។ 14 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃថា៖ 15 «ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។ 16 លោកម៉ូសេក៏រាប់ចំនួនពួកគេតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ 17 កូនប្រុសរបស់លោកលេវី មាននាមដូចតទៅ : គើសូនកេហាត់ និង ម៉្រារី។ 18 កូនរបស់លោកគើសូន មានលីបនី និង ស៊ីម៉ៃដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ 19 កូនរបស់លោកកេហាត់ មានអាំរ៉ាមយីតសារ ហេប្រូន និង អ៊ូស៊ាលដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ 20 កូនរបស់លោកម៉្រារី មានម៉ាលី និង មូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយនៃកុលសម្ព័ន្ធលេវីតាមក្រុមគ្រួសាររបស់គេ។ 21 លោកគើសូនត្រូវជាបុព្វបុរសរបស់អំបូរគើសូន ដែលចែកចេញជាត្រកូលលីបនី និង ត្រកូលស៊ីម៉ៃ។ 22 នៅពេលជំរឿនប្រជាជនចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅមានទាំងអស់ ៧ ៥០០ នាក់។ 23 អំបូរគើសូន បោះជំរំនៅខាងក្រោយព្រះពន្លាគឺនៅទិសខាងលិច។ 24 មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។ 25 នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និង ពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់ 26 ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និង អាសនៈព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។ 27 លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារត្រកូលហេប្រូន និង ត្រកូលអ៊ូស៊ាល។ 28 ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។ 29 អំបូរនានារបស់កូនចៅកេហាត់បោះជំរំនៅខាងត្បូងព្រះពន្លា។ 30 មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។ 31 កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈជើងចង្កៀងអាសនៈគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុងនិង របស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។ 32 មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។ 33 លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារីដែលចែកចេញជាត្រកូលម៉ាស់លី និង ត្រកូលម៉ូស៊ី។ 34 ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅមានទាំងអស់ ៦ ២០០ នាក់។ 35 មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។ 36 កូនចៅម៉្រារី ទទួលបន្ទុកផ្នែកខាងបន្ទះក្តាររបស់ព្រះពន្លា រនុក សសរជើង សសរ ព្រមទាំងបរិក្ខារ និង អ្វីៗទាំងប៉ុន្មានដែលសំរាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ 37 ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរចំរឹង និង ខ្សែសន្ធឹងដែរ។ 38 លោកម៉ូសេ ព្រមទាំងលោកអើរ៉ុន និង កូនចៅរបស់លោកបោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និង ពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូលអ្នកឯទៀតៗចូលមកជិតទីសក្ការៈនឹងត្រូវទទួលទោសដល់ស្លាប់។ 39 ចំនួនក្រុមលេវីដែលព្រះអម្ចាស់ បង្គាប់អោយលោកម៉ូសេ និង លោកអើរ៉ុន រាប់តាមអំបូររបស់ពួកគេដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២០០០នាក់។ 40 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។ 41 ចូរញែកពួកលេវីទុកដោយឡែក សំរាប់យើង ជាព្រះអម្ចាស់ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវីជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ»។ 42 លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ 43 កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២២៧៣ នាក់។ 44 ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា ៖ 45 «ចូរញែកពួកលេវីទុកសំរាប់យើង ដែលជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាព្រះអម្ចាស់។ 46 ដើម្បីលោះចំនួនពួកលេវីដែលលើស ២៧៣ នាក់នោះ 47 ត្រូវថ្លឹងប្រាក់ប្រាំណែនសំរាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោលគឺម្ភៃកេរ៉ា។ 48 ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បងដែលលើសពីចំនួនពួកលេវី អោយអើរ៉ុន និង កូនចៅរបស់គាត់»។ 49 លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បងដែលលើសពីចំនួនពួកលេវី 50 គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែលមានចំនួនទាំងអស់១ ៣៦៥ ណែនគិតតាមទម្ងន់របស់ទីសក្ការៈ។ 51 លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះ ជូនលោកអើរ៉ុន និង កូនចៅរបស់លោកស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។