KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Numbers - ជនគណនា 28 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   2  «ចូរបង្គាប់កូនចៅអ៊ីស្រាអែលដូចតទៅ : អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកតង្វាយ និង អាហារសំរាប់ដុតមកថ្វាយព្រះអម្ចាស់អោយបានតាមពេលកំណត់ គឺតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហប្ញទ័យព្រះអង្គ។   3  រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ តង្វាយដុតទាំងមូលនេះ ជាតង្វាយដែលត្រូវថ្វាយជានិច្ចនិរន្តរ៍តរៀងទៅ។   4  ចូរថ្វាយកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។   5  ត្រូវយកម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន មកថ្វាយជាមួយផង។   6  នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលគេថ្វាយនៅលើភ្នំស៊ីណៃ គឺជាតង្វាយដុតទាំងមូល មានក្លិនឈ្ងុយជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។   7  ត្រូវយកស្រាមួយភាគបួននៃហ៊ីន មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។   8  ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅប្រេង និង ស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូលដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់»។   9  «នៅថ្ងៃសប្ប័ទ អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្តពីរភាគដប់នៃអេផា លាយជាមួយប្រេង និង ស្រាសំរាប់ធ្វើពិធីច្រួច។   10  រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និង ស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។ យញ្ញបូជាប្រចាំខែ   11  «នៅដើមខែត្រូវយកគោស្ទាវឈ្មោលពីរចៀមឈ្មោលមួយ និង កូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។   12  គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្តបីភាគដប់នៃអេផា លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្ត ពីរភាគដប់នៃអេផាលាយជាមួយប្រេង។   13  កូនចៀមនីមួយៗ ត្រូវថ្វាយជាមួយម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូលដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។   14  រីឯស្រាសំរាប់ធ្វើពិធីច្រួចត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន សំរាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សំរាប់ចៀមឈ្មោលមួយ និង មួយភាគបួននៃហ៊ីនសំរាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។   15  លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និង ស្រាដែលត្រូវច្រួចជាមួយ»។   16  «នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ ជាថ្ងៃបុណ្យចម្លង របស់ព្រះអម្ចាស់។   17  ថ្ងៃទីដប់ប្រាំ ក្នុងខែនោះជាថ្ងៃផ្តើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។   18  នៅថ្ងៃទីមួយនៃពិធីបុណ្យត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។   19  ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និង កូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល។   20  ត្រូវថ្វាយម្សៅម៉ដ្តបីភាគដប់នៃអេផា លាយនឹងប្រេង សំរាប់គោមួយពីរភាគដប់នៃអេផាសំរាប់ចៀមឈ្មោលមួយ   21  មួយភាគដប់នៃអេផា សំរាប់កូនចៀមមួយ។   22  ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបអោយអ្នករាល់គ្នា។   23  ត្រូវថ្វាយសត្វទាំងនេះជាយញ្ញបូជាថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។   24  រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញបូជាដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និង ស្រាដែលត្រូវច្រួចជាមួយ។   25  នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។   26  «នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកថ្វាយព្រះអម្ចាស់ ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។   27  ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និង កូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។   28  ត្រូវថ្វាយម្សៅម៉ដ្តបីភាគដប់នៃអេផាលាយជាមួយប្រេង សំរាប់គោនីមួយៗ   29  ពីរភាគដប់នៃអេផា សំរាប់ចៀមឈ្មោល និង មួយភាគដប់នៃអេផាសំរាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំពីរ។   30  ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយដើម្បីធ្វើពិធីលោះបាបអោយអ្នករាល់គ្នា។   31  ត្រូវថ្វាយយញ្ញបូជាទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និង តង្វាយម្សៅដែលត្រូវថ្វាយជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកថ្វាយ»។