1 ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។ 2 ស្ត្រីទាំងនោះបបួលប្រជាជនអោយទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មកពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។ 3 ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្តាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងពួកគេ។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរកពួកគេហាលថ្ងៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។ 5 លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។ 6 ពេលនោះ មានបុរសម្នាក់ ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួននៅមុខលោកម៉ូសេ និង នៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលដែលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 7 ឃើញដូច្នេះ លោកភីនេហាសជាកូនរបស់លោកអេឡាសារដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ 8 គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និង ស្ត្រីនោះធ្លាយពោះ។ ដូច្នេះគ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។ 9 គ្រោះកាចនេះ បណ្តាលអោយមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 11 «ភីនេហាសជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន បានសំដែងចិត្តឈឺចាប់ជំនួសយើងនៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្តី ក៏យើងពុំបានប្រល័យពួកគេអោយវិនាសសូន្យដែរ ព្រោះភីនេហាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។ 12 ហេតុនេះចូរប្រាប់ភីនេហាសថាយើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្តល់សន្តិភាព។ 13 តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និង ពូជពង្សរបស់គេអោយបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើអោយជនជាតិអ៊ីស្រាអែលរួចពីបាបផង»។ 14 បុរសអ៊ីស្រាអែល ដែលលោកភីនេហាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូវ និង ជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។ 15 រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវលោកភីនេហាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកស៊ើរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌាន។ 16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17 «ចូរចាត់ទុកជនជាតិម៉ាឌានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ 18 ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាអោយវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និង រឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។