1 លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាអោយគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និង ចៀមឈ្មោលប្រាំពីរអោយទូលបង្គំផង»។ 2 ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និង លោកបាឡាមបានថ្វាយគោបាមួយ និង ចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ 3 លោកបាឡាមទូលស្តេចថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះអម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។ 4 ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា ៖« ទូលបង្គំបានដំឡើងអាសនៈប្រាំពីរហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និង ចៀមឈ្មោលមួយ»។ 5 ព្រះអម្ចាស់ក៏ប្រាប់លោកបាឡាមអំពីសេចក្តីដែលលោកត្រូវថ្លែង ហើយអោយលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ 6 លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ ឈរជាមួយផង។ 7 លោកបាឡាមក៏ថ្លែងដូចតទៅនេះ៖ «ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្តាសាកូនចៅយ៉ាកុប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល! 8 តើអោយខ្ញុំដាក់បណ្តាសាអ្នកដែលព្រះជាម្ចាស់មិនដាក់បណ្តាសាដូចម្តេចកើត! តើអោយខ្ញុំប្រទេចផ្តាសាអ្នកដែល ព្រះអម្ចាស់មិនប្រទេចផ្តាសាដូចម្តេចបាន! 9 ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ ពួកគេដឹងខ្លួនថា ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។ 10 តើនរណាអាចរាប់កូនចៅយ៉ាកុប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រាអែល ដ៏ច្រើនឥតគណនាបាន? ស៊ូអោយខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមអោយជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។ 11 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីអោយដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាអោយពរពួកគេទៅវិញ!»។ 12 លោកបាឡាមទូលស្តេចថា៖ «ទូលបង្គំត្រូវថ្លែង តែសេចក្តីណាដែលព្រះអម្ចាស់ប្រាប់អោយថ្លែងប៉ុណ្ណោះ!»។ 13 ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្តាសាពួកគេអោយយើង»។ 14 ស្តេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីស្កា។ នៅទីនោះ ស្តេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗស្តេចថ្វាយគោបាមួយ និង ចៀមឈ្មោលមួយ។ 15 លោកបាឡាមទូលស្តេចថា៖ «សូមព្រះករុណាគង់នៅទីនេះក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។ 16 ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្តីដែលលោកត្រូវថ្លែង ហើយអោយលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ 17 លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចម្តេច?»។ 18 លោកបាឡាមក៏ថ្លែងដូចតទៅនេះ៖ បពិត្រព្រះរាជាបាឡាក់ សូមប្រុងប្រៀបព្រះសណ្តាប់! បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបពរ សូមផ្ទៀងព្រះកាណ៌ស្តាប់! 19 ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់លោកអដាំ ដែរ! ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែង។ 20 ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីអោយពរប្រជាជននេះ បើព្រះជាម្ចាស់អោយពរ នោះទូលបង្គំមិនអាចផ្លាស់ប្តូរបានទេ។ 21 គ្មានគ្រោះកាចណាកើតមានដល់ កូនចៅលោកយ៉ាកុបឡើយ ហើយក៏គ្មានទុក្ខវេទនាណា កើតមានដល់ កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ពួកគេប្រកាសថា ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។ 22 ព្រះជាម្ចាស់បាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ 23 មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលបានដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុបនិង អ៊ីស្រាអែល។ 24 មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេឈរដូចសិង្ហឈ្មោល ដរាបណាសិង្ហមិនបានចាប់រំពា ហើយហុតឈាមសត្វដែលវាចាប់បានទេ វាមិនដេកវិញឡើយ»។ 25 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្តាសាពួកគេទេនោះក៏ហីទៅចុះ តែកុំអោយពរពួកគេដូច្នេះឡើយ!»។ 26 លោកបាឡាមតបថា ៖ « ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ 27 ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖«សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ប្រហែលជាព្រះជាម្ចាស់សព្វព្រះហប្ញទ័យអោយលោកដាក់បណ្តាសាពួកគេ»។ 28 ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។ 29 លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាអោយគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និង ចៀមឈ្មោលប្រាំពីរអោយទូលបង្គំផង»។ 30 ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និង ចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។