1 ស្តេចក្រុងអើរ៉ាត គឺស្តេចរបស់ជនជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថារីម។ ស្តេចក៏លើកទ័ពមកវាយអ៊ីស្រាអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ 2 ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្តាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេថ្វាយផ្តាច់ដល់ព្រះអង្គ»។ 3 ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមក ក្នុងកណ្តាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេថ្វាយផ្តាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា "ហោរម៉ា"។ 4 ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរតាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត 5 ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និង លោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីអោយពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារគ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។ 6 ពេលនោះ ព្រះអម្ចាស់ក៏ធ្វើអោយមានពស់ភ្លើងមកចឹកពួកគេ បណ្តាលអោយបាត់បង់ជីវិតមនុស្សជាច្រើនក្នុងចំណោមជនជាតិអ៊ីស្រាអែល។ 7 ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជំរាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្តេញពស់ទាំងនេះចេញអោយឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គអោយប្រជាជន។ 8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់អ្នកនោះនឹងរួចជីវិត»។ 9 លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។ 10 ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។ 11 ពួកគេចាកចេញពីអូបុត ទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។ 12 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងភ្នំសេរេដ។ 13 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និង ស្រុកអាម៉ូរី។ 14 ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ «សង្គ្រាមរបស់ព្រះអម្ចាស់» ស្តីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និង អូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះស្ទឹងអើណូន 15 ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។ 16 បន្ទាប់មកពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្តូងទឹកដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេអោយប្រមូលប្រជាជន ដើម្បីប្រទានទឹកអោយពួកគេ។ 17 នៅទីនោះជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងចំរៀងមួយបទដូចតទៅ : «អណ្តូងទឹកអើយ ចូរអោយមានទឹកផុសឡើង! ចូរបន្លឺសំឡេងអបអរ ! 18 អណ្តូងដែលពួកមេដឹកនាំបានខួង អណ្តូងដែលពួកវិរជនបានជីក ដោយប្រើដំបងរាជ្យ និង ឈើច្រត់!»។ 19 បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាថាណា ពីម៉ាថាណា ទៅណាហាលាលពីណាហាលាល ទៅបាម៉ុត 20 ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅពីលើវាលរហោស្ថាន។ 21 ជនជាតិអ៊ីស្រាអែលចាត់អ្នកនាំសារអោយទៅគាល់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ទូលថា៖ 22 «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬ ចំការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹក ពីអណ្តូងរបស់ព្រះករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះករុណា»។ 23 ព្រះបាទស៊ីហុនមិនព្រមអោយជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្តេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន គឺស្តេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។ 24 ជនជាតិអ៊ីស្រាអែលបានប្រហារព្រះបាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្តេចចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និង រហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។ 25 ជនជាតិអ៊ីស្រាអែលដណ្តើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និង ស្រុកភូមិដែលនៅជុំវិញ។ 26 ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្តើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។ 27 ហេតុនេះ ហើយបានជាពួកកវីតែងពោលថា៖ ចូរនាំគ្នាមកហែសបូន! ចូរសង់ក្រុងរបស់ស្តេចស៊ីហុន ហើយរៀបចំអោយបានដូចដើមឡើងវិញ! 28 ដ្បិតមានភ្លើងមួយចេញពីហែសបូន អណ្តាតភ្លើងមួយចេញពីក្រុងរបស់ស្តេចស៊ីហុន ឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់ និង ពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។ 29 ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើអោយកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយរបស់ព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី! 30 ពួកយើងបានបាញ់ព្រួញទៅលើពួកគេ យើងបានកំទេចស្រុករបស់ពួកគេ ចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូន យើងបានបំផ្លាញស្រុករបស់ពួកគេ រហូតដល់ក្រុងណូផា ដែលនៅជាប់នឹងក្រុងមេឌីបា។ 31 ជនជាតិអ៊ីស្រាអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។ 32 លោកម៉ូសេបានចាត់គេអោយទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រាអែលវាយដណ្តើមយកក្រុង និង ស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។ 33 បន្ទាប់មក ជនជាតិអ៊ីស្រាអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុកស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រាអែលនៅអេទ្រី។ 34 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្តេចនេះ និង កងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចនេះដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។ 35 ជនជាតិអ៊ីស្រាអែលក៏វាយស្តេចអុក ព្រមទាំងបុត្ររបស់ស្តេច និង កងទ័ពទាំងមូល ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មកពួកគេកាន់កាប់ស្រុករបស់ស្តេចនោះ។ ជនជាតិអ៊ីស្រាអែលនៅតំបន់វាលទំនាបស្រុកម៉ូអាប់