KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Numbers - ជនគណនា 19 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និង លោកអើរ៉ុនថា៖   2  «នេះជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានបង្គាប់ទុក ដូចតទៅ : ចូរប្រាប់ជនជាតិអ៊ីស្រាអែលអោយនាំគោញីពណ៌ទង់ដែងមួយមកអោយអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។   3  ចូរប្រគល់គោញីនេះអោយបូជាចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយអោយគេសម្លាប់វានៅចំពោះមុខគាត់។   4  បូជាចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខពន្លាជួបព្រះអម្ចាស់។   5  ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និង គ្រឿងក្នុងទាំងអស់។   6  បូជាចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និង រោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។   7  បូជាចារ្យត្រូវបោកសម្លៀកបំពាក់ និង យកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មកបូជាចារ្យវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។   8  រីឯអ្នកដែលដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និង យកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរតែគាត់នៅសៅហ្មង រហូតទល់ល្ងាច។   9  ត្រូវអោយបុរសម្នាក់ដែលមិនសៅហ្មង រើសធាតុរបស់គោញីនោះទុកនៅខាងក្រៅជំរំត្រង់កន្លែងមួយបរិសុទ្ធ។ ត្រូវរក្សាធាតុនោះទុក ដើម្បីសហគមន៍អ៊ីស្រាអែលយកទៅលាយធ្វើជាទឹកសំរាប់ពិធីជំរះកាយអោយបានបរិសុទ្ធ។ ពិធីនេះដូចជាយញ្ញបូជារំដោះបាបដែរ។   10  អ្នករើសធាតុរបស់គោញី ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគេនៅសៅហ្មងដូច្នេះ រហូតទល់ល្ងាច។ នេះជាច្បាប់ដែលជនជាតិអ៊ីស្រាអែល និង ជនបរទេសរស់នៅក្នុងចំណោមពួកគេ ត្រូវប្រតិបត្តិតាមរហូតតទៅ។   11  អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។   12  គេត្រូវយកទឹកនេះធ្វើពិធីជំរះកាយនៅថ្ងៃទីបី ហើយគេនឹងបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែ ប្រសិនបើគេមិនធ្វើពិធីជំរះកាយនៅថ្ងៃទីបីទេ នៅថ្ងៃទីប្រាំពីរ គេមិនបានបរិសុទ្ធឡើយ។   13  អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជំរះកាយទេ អ្នកនោះធ្វើអោយព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ដោយគេពុំបានយកទឹកសំរាប់ពិធីជំរះកាយអោយបានបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះ រហូតតទៅ។   14  នេះជាក្រឹត្យវិន័យស្តីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និង អស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។   15  រីឯភាជន៍ទាំងប៉ុន្មាន នៅក្នុងផ្ទះដែលនៅចំហ ឥតមានគំរប នឹងក្លាយទៅជាសៅហ្មងដែរ។   16  អ្នកណាប៉ះសាកសព ដែលស្លាប់នៅទីវាលស្លាប់ដោយមុខដាវ ឬ ស្លាប់ដោយធម្មតាឬក៏ប៉ះឆ្អឹង និង ផ្នូរអ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។   17  ដើម្បីជំរះអ្នកសៅហ្មងនោះអោយបានបរិសុទ្ធ គេត្រូវយកធាតុរបស់គោញី ដែលបានថ្វាយជាយញ្ញបូជារំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។   18  ត្រូវអោយបុរសម្នាក់ដែលមិនសៅហ្មងយកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះលើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹងប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬ ស្លាប់ដោយធម្មតា ឬ ក៏ប៉ះពាល់ផ្នូរ។   19  អ្នកដែលមិនសៅហ្មង ត្រូវប្រោះទឹកទៅលើអ្នកសៅហ្មង នៅថ្ងៃទីបី និង ថ្ងៃទីប្រាំពីរហើយជំរះអ្នកនោះអោយបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួននោះគាត់នឹងបានបរិសុទ្ធនៅពេលល្ងាច។   20  បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជំរះកាយអោយបានបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំនុំ ដ្បិតគេបានធ្វើអោយទីសក្ការៈរបស់ព្រះអម្ចាស់ ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសំរាប់ពិធីជំរះកាយអោយបានបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។   21  នេះជាច្បាប់ដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកអោយគេត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសំរាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។   22  អ្វីៗដែលអ្នកសៅហ្មងប៉ះពាល់ ក៏ក្លាយទៅជាសៅហ្មងដែរ ហើយអ្នកដែលប៉ះពាល់របស់សៅហ្មង នឹងត្រូវសៅហ្មងរហូតទល់ល្ងាច»។