1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលអោយប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេយកដំបងម្នាក់មួយៗមកអោយអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ 3 ចូរ ចារឈ្មោះអើរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ 4 ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញាក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ 5 ដំបងរបស់អ្នកណាចេញផ្កាគឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែលលែងអោយរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។ 6 លោកម៉ូសេនាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអើរ៉ុន ស្ថិតនៅកណ្តាលដំបងរបស់ពួកគេ។ 7 លោកម៉ូសេបានដាក់ដំបងទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ 8 នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអើរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវីមានពន្លកចេញផ្កា ហើយមានទាំងផ្លែទៀតផង។ 9 លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះភ័ក្ត្រព្រះអម្ចាស់ ទៅបង្ហាញជនជាតិអ៊ីស្រាអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អើរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសំគាល់ព្រមានពួកបះបោរដើម្បីបញ្ឈប់ពួកគេអោយលែងរអ៊ូរទាំ ហើយកុំអោយពួកគេត្រូវស្លាប់»។ 11 លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ 12 ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើមវិនាសសូន្យទាំងអស់គ្នាមិនខាន! 13 ដ្បិតអ្នកដែលចូលជិតព្រះពន្លារបស់ព្រះអម្ចាស់ នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។