KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Numbers - ជនគណនា 12 - Khmer, Central - Old Version - Bible.is - KMHKOV

  1  អ្នកស្រីមារ៉ាម និង លោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្តីអំពីស្ត្រីសាសន៍គូសដែលលោកបានយកមកធ្វើជាភរិយា។   2  អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ឮពាក្យនេះ។   3  លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។   4  រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និង អ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។   5  ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និង អ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។   6  ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យយើងអោយបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះអម្ចាស់ សំដែងអោយព្យាការីនោះស្គាល់យើងតាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេតាមរយៈសុបិននិមិត្ត។   7  ចំណែកឯម៉ូសេ ដែលជាអ្នកបំរើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។   8  យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសំដែងអោយម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបំរើរបស់យើងដូច្នេះ?»។   9  ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។   10  ពពក ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។   11  លោកក៏ពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកប្អូនជាម្ចាស់មេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និង បានប្រព្រឹត្តអំពើបាប!   12  សូមកុំអោយម៉ារាម ដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។   13  លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមេត្តាប្រោសបងម៉ារាម អោយបានជាឡើងវិញផង!»។   14  ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្តោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃ មែន ឬ មិនមែន? ដូច្នេះ ចូរបណ្តេញគាត់អោយចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។   15  គេអោយអ្នកស្រីម៉ារាម នៅខាងក្រៅជំរំអស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់អ្នកស្រីម៉ារាមអាចវិលចូលមកក្នុងជំរំវិញ។   16  បន្ទាប់មក ប្រជាជនចាកចេញពីហាសិរ៉ូត ទៅបោះជំរំនៅវាលរហោស្ថានប៉ារ៉ាន។